បាល់ទាត់

Zidane បើកភ្លើងខៀវគាំទ្រ Ramos ឲ្យជួយអេស្ប៉ាញឈុតតូចក្នុងព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន

អ្នកចាត់ការទូទៅនៃក្លិបស្តេចស Real Madrid បានបញ្ចេញមតិគាំទ្រ និងអនុញ្ញាតិឲ្យខ្សែការពារចាស់វស្សាជាកូនសិស្សខ្លួន Sergio Ramos អាចទៅជួយជម្រើសជាតិឈុត U23 ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅ នាប្រទេសជប៉ុនក្នុងពេលខាងមុខ។

អេស្ប៉ាញ U23 បានកក់កៅអីទៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ជាមួយប្រទេស៣ទៀតដែលតំណាងពីទ្វីបអឺរ៉ុបរួមមាន រ៉ូមេនី អាល្លឺម៉ង់ និងបារាំង។ ស្របពេលព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ សម្រាប់វិញ្ញាសារបាល់ទាត់គឺប្រើប្រាស់ឈុត U23 និងអនុញ្ញាតិឲ្យជម្រើសនីមួយៗ មានសិទ្ធិដាក់កីឡាករលើសអាយុចំនួន៣នាក់ផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះលោក Zinedine Zidane អ្នកដឹកនាំក្លិបយក្សអេស្ប៉ាញកំពុងឈរលេខរៀងទី២នៃតារាងលីគ La Liga រូបនេះបានបញ្ចេញមតិថាៈ

៉ ជាការពិត! ខ្ញុំគាំទ្ររូបគាត់ (Sergio Ramos) ប្រសិនបើជម្រើសជាតិពិតជាត្រូវការរូបគាត់ឲ្យទៅជួយ។ វាជារឿងល្អមួយ ដែលកីឡាករគ្រប់រូបអាចលេងឲ្យជម្រើសជាតិ ឲ្យប្រទេសពួកគេ។ ដូច្នេះរូបគាត់អាចមានសិទ្ធិទៅចូលរួម ប្រសិនបើរូបគាត់ពិតជាចង់ទៅមែននោះ។   ៉

បញ្ជាក់ផងថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នឹងរៀបចំឡើងនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ខាងមុខ។ សម្រាប់វិញ្ញាសារបាល់ទាត់គឺមាន១៦ក្រុមជម្រើសជាតិចូលរួម មកពីទ្វីបទាំង៦ ក្នុងនោះម្ចាស់ផ្ទះ១ (ជប៉ុន), អឺរ៉ុប៤ប្រទេស (អេស្ប៉ាញ រ៉ូមេនី អាល្លឺម៉ង់ បារាំង), អាហ្វ្រិក៣ប្រទេស (អេហ្ស៊ីប អ៊ីកាឌ័រ អាមេរិកខាងត្បូង), អូសេអានី១ប្រទេស (ណូវេហ្ស៊ឡង់), អាស៊ី៣ប្រទេស (អូស្ត្រាលី កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត) អាមេរិកខាងត្បូង២ប្រទេស (ប្រេស៊ីល អាហ្សង់ទីន) និងអាមេរិកខាងជើង២ប្រទេស (មិនទាន់រកឃើញ) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628