បាល់ទាត់

អ្នកចាំទីវៀតណាមម្នាក់ត្រៀមផ្ទេរទៅ Buriram United ក្នុងតម្លៃខ្លួនជិត៣០មុឺនដុល្លារ

ក្លិបយក្សថៃ Buriram United កំឡុងពេលសម្រាកនៃរដូវកាលជំងឺសាកល COVID-19 បានធ្វើការទាក់ទងរៀបសំណើនាំយកអ្នកចាំទីវ័យក្មេងវៀតណាមម្នាក់ពោលគឺ Nguyen Van Toan របស់ក្លិបវៀតណាម CLB Hai Phong ។

អ្នកចាំទីខាងលើមានវ័យទើប២០ឆ្នាំ និងកំពុងប្រកបអាជីពនៅក្លិបសមាជិកលីគកំពូលវៀតណាម CLB Hai Phong ។ អ្នកចាំទីកម្ពស់ដល់ ១.៨៣ម៉ែត្ររូបនេះបានបង្ហាញសមត្ថភាពឲ្យគេចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ SEA Games ដែលជួយឲ្យក្រុមជម្រើសជាតិវៀតណាម U23 ទទួលបានមេដាយមាស។

យោងតាមប្រភពពីកាសែតម៉ាឡេស៊ី Vocket បានបង្ហាញថា ក្រោយទទួលបានសំណើពីក្លិប Buriram United ក៏បានឆ្លើយតបភ្លាមៗដោយទាមទារតម្លៃខ្លួនដល់ទៅជិត៩លានបាត ឬ ស្មើប្រមាណ២៨មុឺនដុល្លារ។

ចំពោះសំណើចង់បានរបស់ក្លិបជើងឯកលីគកំពូលថៃ៧សម័យកាលខាងលើ ដើម្បីត្រៀមនាំយកទៅជំនួសអ្នកចាំទី Siwarak Tedsungnoen របស់ពួកគេដែលមានអាយុ៣៥ឆ្នាំទៅហើយ។

ប្រសិនបើការផ្ទេរនេះកើតឡើងបានសម្រេច មានន័យថា Nguyen Van Toan គឺជាអ្នកចាំទីសញ្ជាតិវៀតណាមទី២ លេងនៅលីគកំពូលថៃ បន្ទាប់ពីអ្នកចាំទីកូនកាត់វៀតណាម-រុស្សី  Dang Van Lam ដែលបានលេងនៅក្លិប Muangthong United ដែលគ្រាផ្ទេរទៅមានតម្លៃខ្លួនដល់ទៅកន្លះលានដុល្លារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628