បាល់ទាត់

យុវជនក្លិប Ajax បានដឹងខ្លួនវិញលើកដំបូង ក្រោយសន្លប់បាត់ស្មារតី ២ឆ្នាំ ៨ខែ ១៩ថ្ងៃ

ដំណឹងដ៏គួរឲ្យត្រេកអរមួយក្នុងពិភពបាល់ទាត់ ដែលកីឡាករយុវជនរបស់ក្លិបល្បីហូឡង់ AFC Ajax នោះគឺ Abdelhak Nouri បានដឹងខ្លួនជាលើកដំបូង ក្រោយពីសន្លប់បាត់ស្មារតីអស់រយៈពេល ២ឆ្នាំ ៨ខែ និង១៩ថ្ងៃមកហើយ។

អតីតកីឡាករខាងលើសព្វថ្ងៃទើបមានអាយុ២២ឆ្នាំប៉ុណ្ណោះ ខណៈកាលពីជាង២ឆ្នាំមុនរូបគេកំពុងតែពេញវ័យ និងជាកីឡាកររបស់ក្លិប AFC Ajax ដោយលេងក្នុងតំណែងខ្សែបម្រើ។

រំលឹកទៅអតីតកាលបន្តិច Abdelhak Nouri ដែលគ្រានោះទើបអាយុ២០ឆ្នាំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ បានលេងឲ្យឈុតធំ AFC Ajax ប្រកួតមិត្តភាពមុនបើករដូវកាលតទល់នឹងក្លិបអាល្លឺម៉ង់ Werder Bremen ក៏បានជួបប្រទះនឹងជំងឺគាំងបេះដូងធ្ងន់ធ្ងរ ហើយបានធ្វើឲ្យប៉ះពាល់ដល់ប្រសៃប្រសាទថែមទៀត។ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ត្រូវបានវេជ្ជបណ្ឌិតថារូបគេនឹងត្រូវប្រឈមនឹងជំងឺសន្លប់បាត់ស្មារតី (Coma) ។

ក្រោយសម្រាកដោយអត់ដឹងខ្លួន និងទទួលការថែទាំពីគ្រួសារ និងក្រុមវេជ្ជបណ្ឌិតអស់រយៈពេលជិត៣ឆ្នាំ ទីបំផុតកាលពីម្សិលមិញនេះចំថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមព័ត៌មានទទួលបានដំណឹងពីបងប្រុសបង្កើតរបស់កីឡាកររូបនេះថា Abdelhak Nouri បានដឹងខ្លួនជាលើកដំបូង ដោយអាចនិយាយបាន និងហូបបានដោយខ្លួនឯងថែមទៀត តែពុំទាន់អាចងើបពីគ្រែឡើយ។

Abdelhak Nouri គឺជាកីឡាករសញ្ជាតិហូឡង់ និងជាយុវជនកើតចេញពីថ្នាល់របស់ក្លិប AFC Ajax ផ្ទាល់ និងត្រូវបានតម្លើងមកឈុតធំក្នុងឆ្នាំ២០១៥ ខណៈក្នុងជម្រើសជាតិហូឡង់ធ្លាប់លេងឲ្យឈុត U15, U16, U17, U18 និង U19 ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628