បាល់ទាត់

ពេល​នេះ Liverpool អស់ចិត្ត​ជាមួយ Coutinho ហើយ!មិនដូច Man United និង Spurs​ កំពុង​តែ​ចង់​បាន​ខ្លាំង

កាសែត​អនឡាញរបស់​អង់គ្លេស Mirror បាន​និយាយ​ថា​ Barcelona នឹង​លក់ Philippe Coutinho ​នា​ពេល​ឆាប់​ៗនេះ បើ​មិន​រដូវ​ក្ដៅ​នេះ​ក៏​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករាឆ្នាំ​ក្រោយ​ដែរ​ ខណៈ​ដែល​អតីត​ក្លិបរបស់​កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះពោលគឺ Liverpool គ្មាន​បំណង​ចង់​នាំ​ខ្លួន​ត្រឡប់​ទៅ​វិញ​សូម្បី​តែ​បន្តិច។

ប៉ុន្តែ​គូប្រជែងរបស់​ហង្សក្រហម​២​ក្រុម​ គឺបិសាចក្រហម Manchester United និង​ Tottenham កំពុង​ទាក់​ទង​រក​ភាព​អាច​ទៅ​រួច ​ក្នុង​ការ​ចុះ​ហត្ថលេខា​កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ។​តាម​ប្រភព​ដដែល Arsenal និង​ Chelsea ក៏មាន​បំណង​កាន់​កន្រ្តកចូល​ផ្សារ​ដោះដូរ រក​កីឡាករ​ដែល​លេង​ក្នុង​ដំណែង​បម្រើ​ប្រយុទ្ធ​នេះ​ដែរ។

មែន​ទែន​ទៅ! កីឡាករប្រេស៊ីល​រូបនេះ ​ប៊ិះនឹង​ទៅ​ចូល​រួម​ជាមួយ Spurs ទៅ​ហើយ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ប៉ុន្តែ​ការ​ផ្ទេរ​នេះមិន​ជោគជ័យ​ដោយ​សារ​ការ​សម្រេច​ចិត្តរបស់លោក Mauricio Pochettino។ កាលនោះ ​Barca ព្យាយាម​លក់ Coutinho ក្នុង​តម្លៃ​១២០​លាន​អឺរ៉ូ។​ហើយ​ពេល​នេះ​ក្លិប​អ្នក​មាន​បុណ្យ​លក់​ត្រឹម​តែ​៩០លានអឺរ៉ូប៉ុណ្ណោះ។

Coutinho បាន​មក​ចូល​រួម​ជាមួយ Barcelona ដោយ​ចាក​ចេញ​ពី Liverpool កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨។ កាល​នោះ​រូប​គេ​មាន​តម្លៃ​១៤៥​លាន​អឺរ៉ូ​បូករយម​នឹង​ប្រាក់​បន្ថែម​ផ្សេង​ៗ​ទៀត។ តម្លៃ​នៃ​ការ​ផ្ទេរ​របស់​គាត់​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ចាប់​តាំងពី​ពេល​នោះ​មក ហើយបច្ចុប្បន្ន​នេះ​ក្នុង​ទីផ្សារ​ទូទៅ មានតម្លៃ​ត្រឹម​តែ៧០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

កាល​ពី​ខែសីហា Coutinho ទៅ​ចូល​រួម​ជាមួយ Bayern Munich ក្នុង​លក្ខខណ្ឌខ្ចី​ជើង។ ក្លិប​ជើង​ឯក​អាល្លឺម៉ង់​មាន​ជម្រើស​ទិញ​ដាច់។អញ្ចឹង​ក៏​ដោយ!​ពួក​គេ​មិន​ជ្រើាស​យក​ជម្រើសមួយ​នេះ​ទេ។ លេង​បាន​៣២​ប្រកួត Coutinho រក​បាន​៩​គ្រាប់​និង​បញ្ជូនបាល់​បាន៦​ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628