បាល់ទាត់

Filip Nguyen ប្តូរភ្នាក់ងារដោះដូរថ្មី រំពឹងជួយសម្រេចប្រាថ្នាទៅលេងលីគកំពូលអង់គ្លេស

អ្នកចាំទីកូនកាត់ឆេកូស្លូវ៉ាគី – វៀតណាម Filip Nguyen ដែលបច្ចុប្បន្នកំពុងលេងនៅលីគកំពូលឆេកូស្លូវ៉ាគី នាតំបន់អឺរ៉ុប បានធ្វើការប្រកាសផ្លាស់ប្តូរភ្នាក់ងារដោះដូររបស់ខ្លួនថ្មី ដោយរំពឹងអាចជួយសម្រេចគោលបំណងរបស់រូបគេអាចផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេសនាពេលខាងមុខ។

រំលឹកបន្តិចថា Filip Nguyen គឺជាអ្នកចាំទីកូនកាត់ ដែលមានឪពុកជាជនជាតិវៀតណាម និងម្តាយជាជនជាតិឆេកូស្លូវ៉ាគី ខណៈកីឡាកររូបនេះផ្ទាល់ក៏បានកើតនៅក្នុងប្រទេសតំបន់អឺរ៉ុបខាងលើផ្ទាល់តែម្តង។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប FC Slovan Liberec សមាជិកនៃលីគកំពូលឆេកូស្លូវ៉ាគី។

ដើមឡើយកីឡាកររូបនេះមានភ្នាក់ងារដោះដូរឯកជនម្នាក់ឈ្មោះថា Libor Pav  ប៉ុន្តែក្រោយធ្វើការជារយៈពេលយូរ ពេលនេះបានសម្រេចចែកផ្លូវនៃកិច្ចសន្យាជាមួយគ្នាដោយ Filip Nguyen សម្រេចជ្រើសយកក្រុមហ៊ុនភ្នាក់ងារដោះដូរកីឡាករល្បីឈ្មោះក្នុងតំបន់អឺរ៉ុបតែម្តងពោលគឺក្រុមហ៊ុន Global Sports ។

ក្រោយចាត់ចែងកិច្ចការខាងលើរួចរាល់អ្នកចាំទីកម្ពស់ ១.៩២ម៉ែត្រខាងលើក៏បានបង្ហោះខ្លឹមសារមួយក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួនដូចតទៅៈ

៉ ជាបឋម! ខ្ញុំសូមថ្លែងអំណរគុណដល់ Libor Pav ដែលបានចំណាយពេលកន្លងមកជាមួយខ្ញុំ។ ពួកយើងគឺសុទ្ធតែទទួលបានផលប្រយោជន៍ដូចគ្នានាគ្រាកន្លងមក ហើយពួកយើងក៏បានបង្កើតរឿងៗល្អជាមួយគ្នាផងដែរ។ បច្ចុប្បន្នភាព ខ្ញុំមានអារម្មណ៍ថាត្រូវការបង្ហាញសមត្ថភាពបន្ថែមទៀត ដូច្នេះហើយខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរដៃគូ និងចាប់ផ្តើមថ្មីក្នុងជីវិតអាជីពបាល់ទាត់របស់ខ្ញុំ ដោយខ្ញុំសម្រេចជ្រើសរើស Global Sports ។  ៉ 

គួរឲ្យដឹងផងថាក្រុមហ៊ុនភ្នាក់ងារដោះដូរកីឡាករ Global Sports មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ កន្លងមកក្រុ​មហ៊ុននេះ ក៏ធ្លាប់មានបទពិសោធន៍ជួយសម្រេចគោលដៅអតីតអ្នកចាំទី Petr Cech ឲ្យបានផ្ទេរពីឆេកូស្លូវ៉ាគី ទៅកាន់ក្របខណ្ឌលីគកំពូលអង់គ្លេសជាមួយក្លិប Chelsea ផងដែរ ទើបបានជា Filip Nguyen អាចយកជាគំរូដូច្នេះ ខណៈកន្លងមករូបគេក៏ធ្លាប់បង្ហើបក្តីស្រមៃទៅលេងនៅអង់គ្លេសផងដែរ។

បើគិតបច្ចុប្បន្នភាព Filip Nguyen នៅសល់កិច្ចសន្យាជាមួយក្លិប FC Slovan Liberec ដល់ឆ្នាំ២០២២ ឯណោះ ខណៈក្នុងរដូវកាលមុននៅក្របខណ្ឌលីគកំពូលឆេកូស្លូវ៉ាគី រូបគេបង្ហាញខ្លួន២៦លើក របូតគ្រាប់បាល់តែ១៦គ្រាប់ប៉ុណ្ណោះ។ ក្រៅពីនេះកីឡាករខាងលើ ក៏កំពុងទាក់ទាញចិត្តឲ្យសហព័ន្ធបាល់ទាត់វៀតណាម ទាក់ទងកោះហៅមកចូលក្រុមជម្រើសជាតិវៀតណាមផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628