បាល់ទាត់

ក្លិបត្រកូល Red Bull ថ្មីនៅឥណ្ឌូនេស៊ី ត្រៀមនាំចូលសមាជិក២រូបសុទ្ធតែជាកីឡាករចូលសញ្ជាតិ

ប៉ុន្មានសប្តាហ៍នេះ ក្លិបថ្មីដែលមានម្ចាស់វិនិយោគពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក Red Bull បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មជ្ឈដ្ឋានបាល់ទាត់ទូទាំងអាស៊ីអាគ្នេយ៍ និងជាពិសេសក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់តែម្តងនោះគឺ Red Bull Depok FC ។ ជាថ្មីម្តងទៀត ក្លិបក៏បានបង្ហើបអំពីកីឡាករចំនួន ២រូប ដែលស្ថិតនៅក្នុងបញ្ជីនាំចូលផងដែរ។

គួរបញ្ជាក់បន្តិចថា Red Bull Depok FC គឺជាក្លិបរាប់បញ្ចូលក្នុងត្រកូល Red Bull ទី៥ ខណៈសព្វថ្ងៃមានក្លិបចំនួន ៤ផ្សេងទៀត ស្ថិតនៅជុំវិញពិភពលោកដែលក្រោមការបង្កើតដោយក្រុមហ៊ុនភេសជ្ជៈខាងលើនេះដូចជា Red Bull Leipzip នៅលីគកំពូលអាល្លឺម៉ង់ , Red Bull Brasil នៅលីគលំដាប់ទី២ប្រេស៊ីល , Red Bull Salzburg នៅលីគកំពូលអូទ្រីស និង New York Red Bull នៅលីគកំពូលសហរដ្ឋអាមេរិក។

យ៉ាងណា! ដ្បិតមកទល់ពេលនេះពុំទាន់មានការចុះបញ្ជីជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនបានបង្កើតរចនាសម្ព័ន្ធ និងអ្នកដឹកនាំក្លិបជាបន្តបន្ទាប់ ទន្ទឹមនឹងនេះក៏មាននូវបណ្តាញគណនីផ្លូវការរបស់ក្លិបរួចរាល់នៅក្នុងបណ្តាញសង្គម Instagram ។

នៅក្នុងគណនីផ្លូវការរបស់ក្លិប Red Bull Depok FC ទៀតសោតក៏បានបង្ហោះរូបភាពស្រមោលកីឡាករ ២រូប ហើយក៏ត្រូវបានអ្នកសារព័ត៌មានឥណ្ឌូនេស៊ីធ្វើការកំណត់សម្គាល់សុទ្ធសឹងតែជាកីឡាករចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម) រួមមាន Diego Michiels និង Mohammadou Al Hadji 

សម្រាប់កីឡាករជាគោលដៅទី១ ក្នុងការនាំមកជួយក្លិប Red Bull Depok FC គឺ Diego Michiels (រូបភាពខាងលើ) ដែលជាកីឡាករលេងក្នុងតំណែងខ្សែការពារកណ្តាល មានសញ្ជាតិដើមហូឡង់ និងមានវ័យ ២៩ឆ្នាំ។ កីឡាកររូបនេះបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Borne FC នៃលីគកំពូលឥណ្ឌូនេស៊ី។

ក្រឡេកមកមើលកីឡាករទី២ ដែលស្ថិតនៅក្នុងបញ្ជីនាំចូលផងនោះគឺ Mohammadou Al Hadji (រូបភាពខាងក្រោម) ក៏លេងក្នុងតំណែងខ្សែការពារកណ្តាលដូចគ្នា និងមានសញ្ជាតិដើមកាមេរ៉ូន បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ ហើយប្រកបអាជីពនៅក្លិប PSMS Medan នៃលីគលំដាប់ទី២ ឥណ្ឌូនេស៊ីកាលពីរដូវកាលមុន។

បើតាមគម្រោងដែលរៀបចំរួចរាល់ ក្លិបដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Depok ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ីនេះ នឹងផ្តើមចូលលេងក្នុងលីគលំដាប់ទី៣ ឥណ្ឌូនេស៊ី ក្នុងរដូវកាល២០២០ នេះតែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628