បាល់ទាត់

Ajax អនុញ្ញាតិឲ្យ Ziyech ចូលរួម Chelsea មុនពេលកំណត់ បន្ទាប់ពីលីគហូឡង់ត្រូវបានលុបចោល

ក្លិបឈរកំពូលតារាងលីគកំពូលហូឡង់ AFC Ajax បានសម្រេចអនុញ្ញាតិឲ្យកីឡាកររបស់ខ្លួនដែលត្រៀមផ្ទេរចេញ ទៅចូលរួមក្លិបថ្មីរបស់ពួកគេមុនពេលកំណត់នៃកិច្ចសន្យា ពីព្រោះដោយសារលីគពួកគេត្រូវបានសម្រេចលុបចោលជាស្ថាពរក្នុងរដូវកាលនេះ។

កាលពីម្សិលមិញនេះលីគកំពូលហូឡង់ លីគលំដាប់ទី២ និងលីគលំដាប់ទី៣ បានសម្រេចលុបចោលលទ្ធផលទាំងស្រុងក្នុងរដូវកាល ដោយមិនមានក្រុមលើកពាន ក៏មិនមានក្រុមកាត់ចេញ ឬតម្លើងដូចគ្នា។ គួរបញ្ជាក់ផងថា ការសម្រេចវិធានការនេះក៏មានការចូលរួមឯកភាពដោយក្លិបសមាជិកទាំង ៣៦ ក្នុងលីគអាជីពទាំង ៣ កម្រិតនៅហូឡង់ ដើម្បីជាការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។

ដោយអាស្រ័យមូលហេតុខាងលើ AFC Ajax ដែលខកខានគ្រងតំណែងជើងឯកនារដូវកាលនេះ ក៏បានសម្រេចអនុញ្ញាតិឲ្យកីឡាករខ្សែបម្រើប្រយុទ្ធ Hakim Ziyech បញ្ចប់កិច្ចសន្យាជាមួយក្លិប និងបន្តទៅចូលរួមជាមួយ Chelsea មុនពេលកំណត់។ ខណៈដើមឡើយតាមកិច្ចសន្យាត្រូវស្នាក់នៅរហូតដល់បញ្ចប់លីគនាអំឡុងខែមិថុនា ឯណោះ។

យ៉ាងណាក្តី! ការធ្វើដំណើរទៅកាន់ទឹកដី Stamford Bridge នេះ សម្រាប់កីឡាករវ័យ ២៧ ឆ្នាំខាងលើអាចបានត្រឹមចូលរួមហ្វឹកហាត់ជាមួយសមាជិកមិត្តភក្តិថ្មីបាន តែពុំទាន់មានសិទ្ធិលេងក្នុងក្របខណ្ឌ Premier League ឬ UEFA Champions League ឲ្យ Chelsea នៅឡើយទេ ដោយរងចាំដល់ចូលរដូវកាលថ្មី ២០២០/២០២១ ។

រំលឹកមកវិញថា Hakim Ziyech ត្រូវបានលោក Frank Lampard ធ្វើការទិញយកជាផ្លូវការតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដើមឆ្នាំ២០២០ នេះ ជាមួយតម្លៃខ្លួន ៤០លានអឺរ៉ូ ជាមួយការផ្តល់កិច្ចសន្យាថ្មីរហូតដល់ ៥រដូវកាល៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628