បាល់ទាត់

ឃឹម បូរី រំលឹកភាពខ្លាំងខ្សែប្រយុទ្ធឥណ្ឌូនេស៊ីម្នាក់ធ្លាប់​លេង​តទល់ជាមួយគ្នា​កាល​ជាប់​ជម្រើស​ជាតិ

ឃឹម បូរី​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ចាប់​ពី​ឆ្នាំ២០០៧​ដល់​ឆ្នាំ​២០១៥​ ហើយ​បច្ចុប្បន្ន ​កំពុង​ប្រកប​អាជីព​បាល់​ទាត់​នៅ​ក្លិប​ណាហ្គាវើល។ កីឡាករ​មានដើម​កំណើត​នៅ​ខេត្តតាកែវ​រូបនេះ​ធ្លាប់​ជា​កីឡាករ​ម្នាក់​ដែល​លិចធ្លោបំផុត ក្នុង​ចំណោម​កីឡាបាល់ទាត់​ស្របាក់ស្របាល​គាត់​ដូច​ជា គួច​ សុគម្ភៈ ស្រី វាសនា កែវ សុខងន ស៊ិន ដាលីន…។

កីឡាករ​វ័យ៣០ឆ្នាំប្លាយ កំពុង​ប្រកប​អាជីពនៅ​ក្លិបណាហ្គាវើល​ក្នុង​នាម​ជា​កីឡាករ​លេង​ច្រើន​តួនាទី ទាំងការពារស្លាប ប្រយុទ្ធ ហើយ​ភាគច្រើន​លោក មាស ចាន់ណាដាក់​ឲ្យ​លេង​នៅ​តំបន់បម្រើ។ ពេល​នេះ​ បូរី​បានផ្ដល់​ពេល​វេលាជាមួយអ្នក​យក​ព័ត៌មាន​កីឡារបស់​វេបសាយ​ VEHA Media ធ្វើ​កិច្ចសម្ភាសន៍ Q&A អំពី​អាជីពប្រចាំ​ថ្ងៃរបស់​គាត់​ និងរំលឹក​អំពី​អាជីព​កាល​នៅ​ជម្រើស​ជាតិ​ផង​ដែរ។

តោះ​!ប្រិយមិត្ត​យើង​ទៅ​តាមដាន​ទាំងអស់​គ្នា៖

VEHA Repoter ៖ យ៉ាងម៉េចហើយបង ហ្វឹកហាត់រាល់ថ្ងៃទេ? ហើយបងអាចបញ្ជាក់អារម្មណ៍ពេលហ្វឹកហាត់ហើយមិនបានលេងពិតប្រាកដ?

ឃឹម បូរី៖  ចំពោះការ​ហ្វឹកហាត់មួយសប្ដាហ៍​យើង​ហ្វឹកហាត់៦​ដង​តាម​កម្មវិធីគ្រូ​ដាក់​ឲ្យ។ យើង​ហាត់​ពី​ថ្ងៃ​ច័ន្ធដល់ថ្ងៃ​សៅរ៍​ ហើយថ្ងៃ​អាទិត្យ​យើង​សម្រាក។​យើង​ហាត់ម្នាក់​ឯង​ មាន​អារម្មណ៍​ធុញទ្រាន់​អត់​ដូច​ពេល​ហ្វឹកហាត់​ជាមួយ​មិត្តរួម​ក្រុម។

ម្យ៉ាង​ទៀត​!​យើង​ហាត់​រក្សា​កម្លាំង​និង​អំណត់ អីចឹងហើយ!​យើង​អត់ហាត់​ដូច​នៅទីលាន​ជាមួយបាល់​ទាត់​នោះ​ទេ។

VEHA Repoter ៖ រំលឹកទៅអាជីពបាល់ទាត់ទាំងនៅក្លិប(គិតទាំងការពារជាតិ ក្រោន និង​ណាហ្គា កីឡាកររូបណាដែលបងគិតថាចាប់ដៃគូជាមួយបងបានល្អបំផុត?

ឃឹម បូរី៖ ចំពោះខ្ញុំ​គឺ​គុម្ភៈ [គួច សុគម្ភៈ]។ ពី​ព្រោះ​ខ្ញុំជាប់​ជម្រើសជាតិ​ជាតិ​ជាមួយគាត់​តាំង​ពី​ឆ្នាំ​២០០៧ ​មករហូត​ដល់​ឆ្នាំ​២០១៥។

ឃឹម បូរី និងគួច សុគម្ភៈកា​លលេងនៅភ្នំពេញ​ក្រោន ហើយ​ពេល​នេះ​លេង​នៅ​ណាហ្គាវើលជាមួយគ្នា​ទៀត

ឃឹម បូរី និងគួច សុគម្ភៈកា​លលេងនៅភ្នំពេញ​ក្រោន ហើយ​ពេល​នេះ​លេង​នៅ​ណាហ្គាវើលជាមួយគ្នា​ទៀត

ណាមួយ! ​ក្នុង​ក្លិប​យើង​លេង​ជាមួយគ្នា​ទៀត​។ លេងជាមួយ​គាត់​ ខ្ញុំមានអារម្មណ៍​ថា យើង​លេង​យល់​ចិត្ត​គ្នាខ្លាំង ដោយ​សារ​យើង​លេងជាមួយគ្នាបាន​យូរ ទាំងក្លិប​និង​ជម្រើសជាតិ។

VEHA Repoter៖ និយាយក្នុងអាជីពនៅ​ជម្រើសជាតិ ការ​ប្រកួតជាមួយជម្រើសជាតិណា ក្នុង​ព្រឹត្តិការណ៍អ្វីដែលបងចងចាំបំផុត?

ឃឹម បូរី៖ ចំពោះជម្រើស​ជាតិ! ការ​ប្រកួត​ដែល​ខ្ញុំចងចាំ​ជា​គេ​គឺ​ការ​ប្រកួត​ជម្រុះ AFF Suzuki Cup 2008 នៅ​ស្ដាត​អូឡាំពិកជាមួយព្រុយនេ។ យើង​ឈ្នះ​ការ​ប្រកួត​ហើយ​ពេល​នោះខ្ញុំ​រក​គ្រាប់បាល់​បានមួយ​គ្រាប់​ហើយយើង​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះក្នុង​ពូលទៀតលើក​ដំបូង។

VEHA Repoter៖ បងយល់យ៉ាងណាដែរ សម្រាប់បាល់​ទាត់​កម្ពុជានា​ពេល​បច្ចុប្បន្នទាំងលីគនិងជម្រើសជាតិ(មិននិយាយសម័យកូវីដ)?

ឃឹម បូរី៖ ខ្ញុំយល់ថា​បាល់​ទាត់​សម័យឥឡូវ​នេះ​បើ​ធៀប​កាល​១០​ឆ្នាំ​មុន ខ្ញុំគិត​គឺវា​ខុស​គ្នាឆ្ងាយមែន​ទែន។ ខ្ញុំ​គិត​ថា​វា​អភិវឌ្ឍន៍ខ្លាំងមែន​ទែន​ទាំងក្លិប​ទាំង​ជម្រើស​ជាតិ គឺដើរ​ទៅ​មុខ។ ពី​ព្រោះថ្នាក់ដឹកនាំខាង​ក្លិប​ហើយថ្នាក់​ដឹកនាំ​ខាង​សហព័ន្ធគាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះការ​អភិវឌ្ឍន៍បាល់​ទាត់ ពិសេស​ខាង​ហេដ្ឋារចនាសម្ប័ន្ធបាល់​ទាត់ ដូច​ជាស្ដាត (កីឡដ្ឋា ទីលាន)កៀងគរអ្នក​គាំទ្រ មាន​ក្រុមយុវជន​ថ្នាល ។ បាល់​ទាត់​យើង​ដើរទៅ​មុខ​ហើយ​បើ​យើង​ធៀប​កាល​ពី​ដប់​ឆ្នាំមុន។

ជាង១០ឆ្នាំ​មុន​យើង​គិត​ទៅ! យើង​លេង​ក្នុង​ស្ដាត(កីឡដ្ឋាន)តែមួយសម្រាប់​ក្រុម​ទាំងអស់។ យើង​លេង​នៅ​អូឡាំពិក តែមួយ​ហើយ​បើ​គូទីមួយ​លេង​ម៉ោង​១កន្លះ គូទី​២​លេង​ម៉ោង​៣កន្លះ គ្មានបើកភ្លើងអីចឹង​ទេ។ ហើយ​អ្នក​គាំទ្រ​មាន​តែ​មួយស្ដាតហ្នឹង​ទៀត។ ឥឡូវគ្រប់​ក្លិប​សឹង​តែ​មាន​ស្ដាត​គ្រប់​ ហើយសូម្បី​អ្នក​គាំទ្រ​ឥឡូវ​ក៏​មាន​ការ​បែង​ចែក កាន់ក្លិបមួយៗ ។ អីចឹង​វា​ជា​ចំណែក​មួយខ្លាំងមែន​ទែន​ទាំងអ្នកគាំទ្រ ទាំងប្រធានក្លិប ក៏ដូច​ជាសហព័ន្ធ រួម​ចំណែកខ្លាំងមែន​ទែន​ហើយ​មួយ​ទៀត​វិស័យព័ត៌មាន​ក៏​រួម​ចំណែក​ដែរ។ ទាំងប៉ុន្មាន​នេះ​ដើរ​ទន្ទឹម​គ្នា​ ធ្វើ​ឲ្យបាល់​ទាត់​យើង​រីកចម្រើន​មែន​ទែន។

VEHA Repoter៖សំណួរចុងក្រោយ! បងលេងជម្រើសជាតិច្រើនប្រកួត ធ្លាប់​ទៅលេងនៅប្រទេសមួយចំនួននៅ​អាស៊ាន តើ​បង​ចាប់​អារម្មណ៍​កីឡាករ​រូបណា? ជនជាតិណា? គាត់ល្អយ៉ាងម៉េចខ្លះ?

ឃឹម បូរី៖ ចំពោះខ្ញុំ​គាត់​ជា​ជនជាតិឥណ្ឌូនេស៊ី​។ គាត់​លេង​ជា​ខ្សែ​ប្រយុទ្ធ ឈ្មោះ Bambang Pamungkas។​ចំណុច​ពិសេស​គាត់​មួយគឺ គាត់​ខ្លាំងមែន​ទែន គាត់​កម្ពស់ត្រឹម១.៧១ម៉ែត្រទេ តែ​ពេល​គាត់​លោត​តែត សឹង​តែ​គាត់​លោតខ្ពស់​ជាង​កីឡាករ​ដែល​មាន​កម្ពស់១.៨០ម៉ែត្រ​ទៅ​ទៀត។ គាត់​ខ្លាំងបាល់​អាកាស​ ហើយ​ជាខ្សែប្រយុទ្ធដែល​ល្អ។ ខ្ញុំ​ធ្លាប់​ត​ទល់​ជាមួយ​គាត់​ដែរកាលឆ្នាំ២០០៨ក្នុងពាន 2008 AFF Suzuki Cup

 

អត្ថបទ៖អូន សៅណាត

រូបភាព៖ ណាហ្គាវើល

រក្សាសិទ្ធិ៖ VEHA Media

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628