បាល់ទាត់

Barcelona អាចបង្ខំចិត្តលក់ Coutinho ប្រសើរជាងបង់ប្រាក់បន្ថែមដល់ Liverpool

ទន្ទឹមនឹងពាក្យចចាមអារ៉ាមមួយរយៈនេះពីការចង់បានខ្សែបម្រើប្រយុទ្ធ Philippe Coutinho ពីសំណាក់ក្លិបមួយចំនួននៅក្របខណ្ឌលីគកំពូលអង់គ្លេស ក្លិបដើម FC Barcelona ក៏អាចនឹងមានឈានដល់ការសម្រេចចិត្តផ្ទេរចេញដូចគ្នា ពីព្រោះតែលក្ខខណ្ឌមួយដែលចងទុកតាំងពីទិញមកពី Liverpool ម្ល៉េះ។

យោងតាមការបង្ហើបពីកាសែត Marca បានឲ្យដឹងថា ពេលក្លិបយក្សអេស្ប៉ាញ FC Barcelona ធ្វើការផ្ទេរយកកីឡាករជម្រើសប្រេស៊ីលរូបនេះពីហង្សក្រហម Liverpool កាលពីឆ្នាំ២០១៨ បានចងលក្ខខណ្ឌជាមួយគ្នាដោយកំណត់ប្រសិនបើក្លិបអាចប្រើប្រាស់ Philippe Coutinho ឲ្យបង្ហាញខ្លួនលើទីលានសរុប ១០០ប្រកួត នោះនឹងត្រូវបង់ប្រាក់បន្ថែម ២២លានដុល្លារដល់ក្លិប Liverpool បន្តទៀត។

បើគិតក្នុងរយៈពេល ១រដូវកាលកន្លះនៅទឹកដី Camp Nou ម្ចាស់ពាន Copa America ឆ្នាំ២០១៩ កន្លងទៅជាមួយក្រុមជម្រើសជាតិរូបគេខាងលើ បានបង្ហាញខ្លួនសរុប ៧៦ប្រកួត និងរកបាន ២១គ្រាប់ផងដែរ មុនធ្វើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ក្លិបអាល្លឺម៉ង់ FC Bayern Munich ក្នុងរដូវកាល ២០១៩/២០២០ ។

ដូច្នេះហើយក្នុងករណីក្លិបយក្សអាល្លឺម៉ង់ខាងលើ មិនព្រមបន្តធ្វើការខ្ចីជើង ឬមិនអាចផ្ទេរផ្តាច់នោះទេ ប្រសិនបើ Philippe Coutinho នឹងវិលត្រឡប់មកលេងនៅទឹកដីអេស្ប៉ាញក្របខណ្ឌ La Liga សាជាថ្មីគ្រប់ចំនួនប្រកួតតាមកាលកំណត់ FC Barcelona ក៏ត្រូវគោរពតាមកិច្ចសន្យាបង់ប្រាក់បន្ថែម ២២លានដុល្លារទៀតដល់ទៅ Liverpool ។

យ៉ាងណាក្តី! បច្ចុប្បន្នភាព បើតាមការចុះផ្សាយព្រៀងព្រៀតក្នុងតំបន់អឺរ៉ុបមានក្លិបនៅអង់គ្លេសមួយចំនួនកំពុងចាប់អារម្មណ៍ចង់បានកីឡាករអាយុ ២៧ឆ្នាំរូបនេះទៅបង្ហាញសតម្ថភាពនៅក្របខណ្ឌ Premier League សាជាថ្មី ដោយរួមមានដូចជា Chelsea , Tottenham Hotspur , Leicester City និង Manchester United ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628