បាល់ទាត់

ថៃ កំណត់អ្នកចូលរួមប្រកួតក្នុងមួយកីឡដ្ឋានតែ ១៨១នាក់ ពេលបាល់ទាត់ត្រឡប់មកវិញ

សមាគមបាល់ទាត់ថៃ (FAT) នឹងចេញច្បាប់គ្រប់គ្រងពេលប្រកួតថ្មីដោយធ្វើការកំណត់អ្នកចូលរួមក្នុងកីឡដ្ឋានរៀងរាល់ពេលប្រកួតនីមួយៗ តែចំនួន ១៨១នាក់ ដើម្បីជាការទប់ស្កាត់នៃជំងឺរាតត្បាតសកល COVID-19 ពេលបាល់ទាត់វិលត្រឡប់មកវិញ។

ប្រទេសថៃ បានប្រកាសផ្អាកសកម្មភាពកីឡាបាល់ទាត់ទាំងស្រុងតាំងពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅដោយសារតែចំនួនកើនឡើងនៃអ្នកផ្ទុកជំងឺ COVID-19 ។

យ៉ាងណាក្តី! កាលពីសប្តាហ៍មុនកន្លងទៅថ្មីៗ សមាគមបាល់ទាត់ថៃ (FAT) ក្រោមការអនុញ្ញាតិពីនាយករដ្ឋមន្ត្រីថៃ បានសម្រេចប្រកាសពីការវិលត្រឡប់មកដំណើរការប្រកួតបាល់ទាត់វិញ ដោយកំណត់យកអំឡុងខែកញ្ញា ឆ្នាំ២០២០ ដ្បិតពុំទាន់ចេញកាលវិភាគប្រកួតច្បាស់លាស់ថ្មីក៏ដោយ។

ទន្ទឹមនឹងកំណត់ខែដែលសម្រេចឲ្យបាល់ទាត់ត្រឡបមកវិញក៏ពិតមែន តែក៏ពុំទាន់អនុញ្ញាតិឲ្យមានអ្នកគាំទ្រចូលទស្សនានោះទេ ពោលមានន័យថាប្រកួតដោយបិទទ្វារកីឡដ្ឋាន រួមទាំងមានការកំណត់ច្បាប់ថ្មីដោយអនុញ្ញាតិឲ្យក្នុងការប្រកួតនីមួយៗ ក្នុងកីឡដ្ឋានអាចផ្ទុកអ្នកចូលរួមត្រឹម ១៨១នាក់ប៉ុណ្ណោះ។ នេះបើយោងទៅតាមការលើកឡើងរបស់លោក Somyot Poompunmuang ប្រធានសមាគមបាល់ទាត់ថៃ (FAT) ។

គួរបញ្ជាក់ផងថា ចំនួនកំណត់ខាងលើគឺអនុញ្ញាតិឲ្យសមាជិកក្រុមថ្នាក់ដឹកនាំ ក្រុមកីឡាករនៃក្លិបទាំងទ្វេ និងមន្ត្រីកាត់សេចក្តីក្នុងការប្រកួត រួមទាំងមន្ត្រីដឹកនាំការប្រកួតនានា៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628