បាល់ទាត់

អារ៉ាប់រួម កំពុងទាក់ទងគ្រូបង្វឹកជួយ ក្រូអាត រងជើង​ឯក FIFA World Cup 2018 មកដឹកនាំ

ក្រុមជម្រើសជាតិអារ៉ាប់រួម បច្ចុប្បន្នភាពកំពុងគ្មានគ្រូបង្គោលដឹកនាំនៅឡើយ ក្រោយពីបណ្តេញលោក Ivan Jovanovic កាលពីដើមខែមេសា កន្លងទៅនេះ ខណៈបច្ចុប្បន្នលេចលឺនូវដំណឹង សមាគមបាល់ទាត់អារ៉ាប់រួម (UAEFA) បានកំពុងទាក់ទងចង់នាំបានលោក Zlatko Dalic គ្រូបង្គោលក្រុមជម្រើសជាតិក្រូអាតសព្វថ្ងៃ។

រំលឹកបន្តិចថា សមាគមបាល់ទាត់អារ៉ាប់រួម ទើបតែសម្រេចដកតំណែងលោក Ivan Jovanovic ដែលផ្តល់តំណែងឲ្យកាលពីថ្ងៃទី២២ ខែធ្នូ ចុងឆ្នាំ២០១៩ ខណៈពុំទាន់បានដឹកនាំសូម្បីមួយប្រកួតផងក៏ត្រូវបានចាកចេញ។ បុរសសញ្ជាតិស៊ែបីរូបនេះបានចូលមកកាន់តំណែងជំនួសលោក  Bert van Marwijk ដែលធ្វើពុំសូវបានល្អក្នុងព្រឹត្តិការណ៍ជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asain Cup 2023 ។

ស្របពេលដែលកៅអីដឹកនាំនៃក្រុមជម្រើសជាតិកំពុងទំនេរ អារ៉ាប់រួម បានចាប់អារម្មណ៍លើលោក Zlatko Dalic ដែលកំពុងកាន់តំណែងនៅជម្រើសជាតិក្រូអាត និងទើបកសាងស្នាដៃធំជួយជម្រើសតំបន់អឺរ៉ុបនេះឡើងទៅរងជើងឯកក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក FIFA World Cup ឆ្នាំ២០១៨ កន្លងទៅ។

គួរឲ្យដឹងផងថា អារ៉ាប់រួម ចង់ឆ្លៀតឳកាសនៅពេលដែលលោក Zlatko Dalic កំពុងនឹងខិតជិតដល់ពេលអស់កិច្ចសន្យាជាមួយក្រុមជម្រើសជាតិក្រូអាត ពោលគឺឆ្នាំ២០២០ នេះតែម្តង។ ស្របពេលផងដែរបុរសវ័យ ៥៣ឆ្នាំខាងលើ ក៏បង្ហាញអំពីចេតនាមិនបន្តកិច្ចសន្យាថ្មីរួមផង។

ទោះបីជាបែបនេះក៏ដោយ បើតាមសារព័ត៌មាននាតំបន់អឺរ៉ុបចុះផ្សាយកន្លងទៅ សហព័ន្ធបាល់ទាត់ក្រូអាត (HNS) មានគោលបំណងស្នើសុំឲ្យលោក Zlatko Dalic បន្តស្នាក់នៅដឹកនាំក្រុមជម្រើសជាតិពួកគេឲ្យផុតដំណាច់ព្រឹត្តិការណ៍ UEFA Euro ឆ្នាំក្រោយ ដែលដើមឡើយគ្រោងរៀបចំនៅឆ្នាំ២០២០ (ដូចនឹងកិច្ចសន្យារបស់លោកសព្វថ្ងៃ) តែត្រូវបានលើកពេលទៅរៀបចំនៅឆ្នាំ២០២១ វិញដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628