បាល់ទាត់

ការហ្វឹកហាត់យោធារបស់ Son ចូលដល់វគ្គសមអាវុធពិត ក្នុងសប្តាហ៍ថ្មីនេះ

តារាបាល់ទាត់ឆ្នើមនៃក្របខណ្ឌលីគកំពូលអង់គ្លេសរបស់ក្លិប Tottenham Hotspur ពោលគឺ Son Heung-Min បានឈានចូលដល់សប្តាហ៍ទី២ នៃការបំពេញកាតព្វកិច្ចយោធានៅកោះ Jeju ក្នុងប្រទេសកំណើតកូរ៉េខាងត្បូង។

រំលឹកឡើងវិញបន្តិចថា កីឡាករជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានឆ្លៀតពេលទំនេរក្រោយសម្រាកបាល់ទាត់ដោយសារតែគ្មានសកម្មភាព ព្រោះជំងឺរាតត្បាត COVID-19 បានមកបំពេញកាតព្វកិច្ចយោធាឲ្យហើយ រយៈពេល ៣សប្តាហ៍។

នៅក្នុងសប្តាហ៍ដំបូងកន្លងទៅ Son Heung-Min ក៏ដូចជាយុវជនកូរ៉េខាងត្បូងដទៃទៀតត្រូវហ្វឹកហាត់លើវិញ្ញាសារ៣យ៉ាងដូចជា ការស្វែងយល់អំពីអាវុធ ទ្រឹស្តីសង្គ្រាម និងការហ្វឹកហាត់កាយសម្បទា។ ឈានចូលមកដល់ថ្ងៃថ្មីនៃសប្តាហ៍ទី២ ក្នុងការបំពេញកាតព្វកិច្ចយោធារបស់តារាបាល់ទាត់ឆ្នើមខាងលើ គឺជាសប្តាហ៍នៃការហាត់សមបាញ់ និងប្រើប្រាស់អាវុធពិត រួមទាំងការធ្វើសមយុទ្ធក្នុងទីលានហ្វឹកហាត់យោធាផ្ទាល់តែម្តង។

គួរបញ្ជាក់ផងថា ការពិតរាល់យុវជនក្នុងប្រទេសកូរ៉េខាងត្បូង បើតាមច្បាប់តម្រូវឲ្យបំពេញកាតព្វកិច្ចយោធាខាងលើរយៈពេល ២១ខែ ប៉ុន្តែមានករណីលើកលែងសម្រាប់បុគ្គល ឬយុវជនដែលបានជួយបំពេញស្នាដៃជូនជាតិ ដោយអនុញ្ញាតិឲ្យបំពេញតែរយៈពេល ៣សប្តាហ៍ប៉ុណ្ណោះ។ ជាជាក់ស្តែង Son Heung-Min ធ្លាប់បានជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈុត U23 ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ កន្លងទៅ ទើបដាក់បញ្ចូលក្នុងករណីលើកលែងនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628