បាល់ទាត់

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ ប្រកាសព្យួរស្រោមដៃចូលនិវត្តន៍ត្រឹមអាយុ ២៤ឆ្នាំ

អតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិអង់គ្លេសឈុត U18 , U19 និង U20 កីឡាករ Ted Smith បានប្រកាសព្យួរស្រោមដៃចូលនិវត្តន៍ពីបាល់ទាត់ត្រឹមអាយុ ២៤ឆ្នាំ បន្ទាប់ពីចាប់អាជីពមួយនេះអស់រយៈពេល ៧ឆ្នាំមកហើយ។

អ្នកចាំទីកម្ពស់ ១.៨៥ម៉ែត្រខាងលើ បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងខ្លួននៅក្មេង ក្រោយពីពិចារណាថាខ្លួនមិនសក្កិសមនឹងបន្តដំណើរលើវិថីជីវិតមួយនេះ ពោលដោយគិតថាខ្លួនមិនអាចបញ្ចេញសមត្ថភាពបាន។

កីឡាកររូបនេះបានចូលហ្វឹកហាត់បាល់ទាត់ដំបូងក្នុងនាមជាយុវជនរបស់ក្លិប Southend United  និងបានបន្តរហូតចូលលេងឲ្យឈុតធំ ដោយក្នុងរដូវកាលដំបូង ២០១៣/២០១៤ ដែលឆ្នាំនោះក្លិបស្ថិតនៅក្របខណ្ឌលីគលំដាប់ទី៤ អង់គ្លេស ខណៈរហូតមកដល់រដូវកាល ២០១៥/២០១៦ ទើបឡើងមកលេងនៅលីគលំដាប់ទី៣ អង់គ្លេស ទល់សព្វថ្ងៃ។

ក្រោយចំណាយពេល ៧រដូវកាលមកនេះ ទោះបីជាមានការព្យាយាមយ៉ាងណា Ted Smith បានត្រឹមបង្ហាញខ្លួនសរុបតែ ៣០លើកប៉ុណ្ណោះ ខណៈ ៣រដូវកាលចុងក្រោយមិនដែលបានបង្ហាញសមត្ថភាពសូម្បីតែមួយលើក។ ទាំងនេះជាមូលហេតុចម្បងរុញច្រានឲ្យរូបគេសម្រេចបោះបង់អាជីពដែលខ្លួនស្រលាញ់ត្រឹមអាយុវ័យក្មេង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Telegraph បានឲ្យដឹងថាៈ

៉ វា (បាល់ទាត់) មិនមែនសម្រាប់ខ្ញុំឡើយ។ ខ្ញុំស្រលាញ់ការប្រកួត ខ្ញុំចូលចិត្តការហ្វឹកហាត់ មិត្តរួមក្រុម ការប្រកួតប្រជែង… ប៉ុន្តែរៀងរាល់ដល់ថ្ងៃប្រកួតវាតែងតែបង្កើតជាសម្ពាធក្នុងខួរក្បាល និងអារម្មណ៍របស់ខ្ញុំ។ ក្នុងខួរក្បាលរបស់ខ្ញុំពេលនេះ បានប្រាប់ខ្ញុំថាត្រូវតែបោះបង់ចំពោះការងារមួយដែលមានមនុស្សជាច្រើនចង់បាន។ ខ្ញុំគិតថាការសម្រេចចិត្តនេះ ក៏ជាការលំបាករបស់ខ្ញុំផងដែរ។   ៉ 

ក្រៅពីអាជីពជាមួយក្លិប Ted Smith ក៏ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុត U18 , U19 និង U20 បានសរុប ៩ប្រកួតផងដែរ គិតតាំងពីឆ្នាំ២០១៣ ដល់ត្រឹមឆ្នាំ២០១៦៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628