បាល់ទាត់

Alexis Sanchez ទិញបន្ទប់ខុនដូទំនើបមួយនៅសហរដ្ឋអាមេរិកតម្លៃ ២.៥លានដុល្លារ

តារាបាល់ទាត់របស់ក្លិប Manchester United និងកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Inter Milan ពោលគឺ Alexis Sanchez ត្រូវបានសារព័ត៌មានចុះផ្សាយពីការទិញបន្ទប់ខុនដូទំនើបមួយជាន់នៅសហរដ្ឋអាមេរិក ជាមួយតម្លៃកប់ពពក ២.៥លានដុល្លារ។

តាមការចុះផ្សាយផ្ទាល់របស់គេហទំព័រផ្លូវការនៃក្រុមហ៊ុនអលនទ្រព្យម្ចាស់ក្រុមហ៊ុនខុនដូ ដែលកីឡាករវ័យ ៣១ឆ្នាំខាងលើទិញនោះ គឺអគារខុនដូ Ritz-Carlton Residence Sunny Isles Beach ដែលមានទីតាំងស្ថិតនៅជាប់សមុទ្រតែម្តង នៅទីក្រុង Miami ភាគខាងត្បូងរដ្ឋ Florida និងមានសរុប ៥២ជាន់។

Alexis Sanchez បានធ្វើការកក់យកជាន់ទី៣៣ ដាច់តែឯងជាមួយតម្លៃដល់ទៅ ២.៥លានដុល្លារ ខណៈនៅក្នុងនោះក៏បង្ហាញឲ្យដឹងមានបន្ទប់ក្លិបកម្សាន្តមួយថែមទៀត ក្រៅពីបន្ទប់ស្នាក់នៅ។

ពាក់ព័ន្ធនឹងការទិញយកបន្ទប់ខុនដូទំនើបមួយជាន់ខាងលើ ខាងកាសែតឈីលី ក៏បានចុះផ្សាយឲ្យដឹងថាបច្ចុប្បន្នភាព អតីតកីឡាករ FC Barcelona និង Arsenal… ខាងលើបានកំពុងសម្រាកនៅក្នុងប្រទេសកំណើតឈីលី ដើម្បីគេចចេញពីការរាតត្បាតនៃជំងឺ COVID-19 ខណៈរូបគាត់នឹងគ្រោងធ្វើដំណើរទៅប្រទេសអ៊ីតាលីវិញឆាប់ៗ ខាងមុខនេះពេលសកម្មភាពបាល់ទាត់វិលត្រឡប់មកវិញ។

បន្ថែមពីការទិញខាងលើ បានបង្កើតនៅពាក្យចចាមអារ៉ាមថា Alexis Sanchez អាចនឹងមានសង្ឃឹមផ្ទេរទៅចូលរួមក្លិប Inter Miami របស់អតីតវីរៈឞុរសបាល់ទាត់ David Beckham នាពេលអនាគតផងដែរ ស្របពេលដែលសព្វថ្ងៃនៅសល់កិច្ចសន្យាជាមួយក្លិប Manchester United ២រដូវកាលទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628