បាល់ទាត់

លីគកំពូលម៉ាឡេស៊ី គ្រោងបន្តសម្រាកដល់ខែវិច្ឆិកា និងអាចរៀបចំប្រកួតឆ្លងដល់ឆ្នាំ២០២១

លីគកំពូលម៉ាឡេស៊ីរដូវកាល២០២០ (CIMB Malaysia Super League 2020) អាចនឹងវិលត្រឡប់មកដំណើរការវិញនាអំឡុងខែវិច្ឆិកា ខណៈការប្រកួតប្រចាំរដូវកាលទាំងមូល អាចនឹងពន្យារពេលលេងឆ្លងទៅដល់ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់លោក Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិម៉ាឡេស៊ី។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រីតំណាងរដ្ឋាភិបាលម៉ាឡេស៊ី បានពន្យល់អំពីស្ថានភាពប្រទេសគាត់បច្ចុប្បន្នភាពដែលស្ថិតនៅក្នុងដំណាក់កាលវាយលុកដោយជំងឺ COVID-19 និងបន្តរក្សាការអនុវត្តដាក់ប្រទេសក្នុងស្ថានភាពគ្រោះថ្នាក់ និងបិទការចេញចូល រួមទាំងបិទសេរីភាពក្នុងការធ្វើដំណើរជាបណ្តោះអាសន្ន (MCO) ។

អាស្រ័យនឹងកាលៈទេសៈបែបនេះ លោក Ismail Sabri Yaakob សន្និដ្ឋានចំពោះលីគកំពូលបាល់ទាត់ម៉ាឡេស៊ី ក៏មិនងាយនឹងវិលត្រឡប់មករៀបចំការប្រកួតបានឆាប់ៗ ដូចគម្រោងរបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) នោះឡើយ។

ពាក់ព័ន្ធនឹងការប្រកួត​ប្រជែងបាល់ទាត់ ទេសរដ្ឋមន្ត្រីខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថាៈ

៉ ខ្ញុំបានដឹងថា M-League (លីគកំពូលម៉ាឡេស៊ី) គ្រោងនឹងបើកដំណើរការវិញនាខែមិថុនា តែខ្ញុំគិតថាវាដូចជាឆាប់រហ័សពេកហើយ។ វាមិនមែនជារឿងល្អទេ ដែលអនុញ្ញាតិឲ្យសកម្មភាពបាល់ទាត់អាចត្រឡប់មកវិញឆាប់ៗ បែបនេះ ខណៈ MCO ទើបតែបញ្ចប់បាន ១ខែ ឬ ២ខែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើ MCO ត្រូវបានបញ្ចប់ត្រឹមដំណាច់ខែឧសភា ឬខែមិថុនា ដូចនេះលីគបាល់ទាត់ម៉ាឡេស៊ី គួរអាចដំណើរការវិញយ៉ាងតិចត្រូវរង់ចាំដល់ខែតុលា ឬខែវិច្ឆិកា។  ៉ 

បន្ថែមពីនេះ គាត់ក៏បានបញ្ចាក់ផងថានឹងធ្វើការសិក្សាអំពីបញ្ហានេះជាមួយស្ថាប័នពាក់ព័ន្ធដូចជា សមគមបាល់ទាត់ម៉ាឡេស៊ី (FAM) , ក្រសួងយុវជន និងកីឡា រួមទាំងក្រសួងសុខាភិបាលទៀត។

គិតមកទល់ព្រឹកនេះ ប្រទេសម៉ាឡេស៊ី បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 សរុប ៥ ៨០០នាក់ ដោយក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន ១០០នាក់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628