បាល់ទាត់

ក្លិបទី១ក្នុងលោកនៅឥណ្ឌូនេស៊ី យល់ព្រមកាត់ប្រាក់ខែដល់៧៥% ជួយក្លិបអំំឡុងវិបត្តិ COVID-19

ក្លិបសមាជិកលីគកំពូលឥណ្ឌូនេស៊ី Persib Bandung បានបំបែកកំណត់ត្រាជាក្លិបដែលមានការយល់ព្រមទាំងស្រុងរវាងកីឡាករគ្រប់រូប រួមទាំងក្រុមការងារគ្រូបង្វឹកក្លិបជាដើម ស្ម័គ្រចិត្តកាត់ប្រាក់ខែខ្លួនដល់ទៅ ៧៥% ដើម្បីជួយទ្រទ្រង់ក្លិបជារួមក្នុងអំឡុងវិបត្តិជំងឺសកល COVID-19 ។

ការប្រកាសកាត់ប្រាក់ខែនេះត្រូវបានលើកឡើងដោយផ្ទាល៉ពីលោក Robert Rene Alberts គ្រូបង្គោលក្លិប Persib Bandung ដោយគាត់ក៏បានបញ្ជាក់ផងថា ពួកគាត់គឺជាក្លិបទី១ ក្នុងពិភពលោកនាអំឡុងសម័យកាល COVID-19 នេះ អាចយល់ព្រមស្ម័គ្រចិត្តកាត់ប្រាក់ខែរៀងៗ ខ្លួនដល់ទៅ ៧៥% ជួយទ្រទ្រង់ថវិកាក្លិប។

ជាការពិត! ការកាត់ប្រាក់ខែដល់ទៅចំនួន ៧៥% ឬស្មើរ ៣ភាគ៤ នេះបច្ចុប្បន្នពុំទាន់មានក្លិបណាមួយនៅក្នុងពិភពលោកអាចស្ម័គ្រចិត្តធ្វើនៅឡើយ (មិនគិតចំពោះការកាត់ទាំងស្រុងនោះឡើយ) ។ ខណៈបើសង្កេតមើលក្នុងតំបន់អាស៊ីអាគ្នេយ៍យើងផ្ទាល់ ដូចជាក្នុងប្រទេសថៃ ក្លិបមួយចំនួនបានឯកភាពកាត់ប្រាក់ខែកីឡាករ និងក្រុមការងារគ្រូបង្វឹកត្រឹម ៣០% ទៅ ៥០% ប៉ុណ្ណោះ។ ឯក្នុងប្រទេសម៉ាឡេស៊ី ក៏មានក្លិបមួយចំនួនយល់ព្រមកាត់ប្រាក់ ៣០% ផងដែរ។ នៅតំបន់អឺរ៉ុប ក៏មានដូចគ្នាចំពោះក្លិបដែលកាត់ប្រាក់ខែកីឡាករដោយស្ម័គ្រចិត្ត ក៏ធ្លាប់មានការអំពាវនាវអំពីរដ្ឋាភិបាលជាក់ស្តែងដូចក្នុងចក្រភពអង់គ្លេស… ជាដើមក្តី។ តែក៏មានក្លិប AS Roma នៃក្របខណ្ឌលីគកំពូលអ៊ីតាលីផងដែរ យល់ព្រមមិនទទួលប្រាក់ខែរហូតដល់ទៅ ៤ខែឯណោះ។

Persib Bandung គឺជាក្លិបសមាជិកលីគកំពូលឥណ្ឌូនេស៊ី ដោយរដូវកាលមុនឆ្នាំ២០១៩ បានឈរនៅលេខរៀងទី៦ ក្នុងតារាងលីគ។

គួរបញ្ជាក់ផងថា គិតមកដល់រាត្រីនេះ ប្រទេសឥណ្ឌូនេស៊ី បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៩ ៧៧១នាក់ ក្នុងនោះមានអ្នក​បាត់បង់ជីវិត ៧៨៤នាក់ និងអ្នកជាសះស្បើយចំនួន ១ ៣៩១នាក់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628