បាល់ទាត់

Pochettino អាចទទួលបានប្រាក់ខែប៉ុន្មាន បើមកដឹកនាំ Newcastle ក្រោមម្ចាស់ក្លិបថ្មី?

ប៉ុន្មានសប្តាហ៍កន្លងទៅនេះព័ត៌មានជាច្រើនបានបញ្ចេញនូវខ្លឹមសារទាក់ទងនឹងក្លិប Newcastle United ដែលគ្រោងផ្លាស់ប្តូរសម័យកាលម្ចាស់ក្លិបថ្មី ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតនោះ។ ទន្ទឹមនឹងការផ្លាស់ប្តូរនេះ ក៏បានបញ្ចេញនូវគម្រោងនាំយកអ្នកចាត់ការទូទៅលោក Mauricio Pochettino ផងដែរ។

ក្រុមហ៊ុនសម្ព័ន្ធទាំងពីរដែលនឹងអាចទិញយកក្លិបសមាជិកលីគកំពូលអង់គ្លេសនេះរួមមាន Saudi Arabia Group និង PCP Capital Partner (ក្រុមហ៊ុនចក្រភពអង់គ្លេសផ្ទាល់) ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចរចារជាមួយលោក Mike Ashley ដែលជាម្ចាស់ក្លិបបច្ចុប្បន្នភាព។

បើយោងទៅតាមប្រភពពី Sky Sports ចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះបានបង្ហាញរបាយការណ៍ដែលក្រុមហ៊ុនសម្ព័ន្ធខាងលើបានកំណត់លោក Mauricio Pochettino ជាគោលដៅចម្បងក្នុងការនាំយកមកដឹកនាំ ខណៈហ៊ានផ្តល់ប្រាក់ឈ្នួលថ្លៃពលកម្មដល់ទៅ ២៣.៥លានដុល្លារក្នុងមួយឆ្នាំ ដែលជាចំនួនខ្ពស់កម្រិតទី២ បើប្រៀបជាមួយអ្នកចាត់ការទូទៅដទៃទៀតក្នុងក្របខណ្ឌ Premier League បច្ចុប្បន្ន។

ចំនួននេះស្ថិតនៅបន្ទាប់ពីលោក Pep Guardiola ទទួលបាន ២៥លានដុល្លារក្នុងមួយឆ្នាំពីក្លិប Manchester City ខណៈលោក Jose Mourinho ដែលចូលមកជំនួសកៅអីលោក Mauricio Pochettino នៅ Tottenham Hotspur ទទួលបាន ១៧.២លានដុល្លារក្នុងមួយឆ្នាំ ឈរលេខរៀងចំណាត់ថ្នាក់ទី៣ ។

រំលឹកមកវិញបុរសវ័យ ៤៨ឆ្នាំ និងជាជនជាតិអាហ្សង់ទីនខាងលើត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ធ្វើការដកតំណែងលោកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅក្រោយពីចូលដឹកនាំតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

ក្រៅពី Mauricio Pochettino ខាងសម្ព័ន្ធក្រុមហ៊ុនត្រៀមធ្វើជាម្ចាស់ក្លិបថ្មី Newcastle United ក៏មានជម្រើសទី២ នោះដែរគឺលោក Rafa Benitez ដែលកំពុងដឹកនាំនៅក្លិបលីគកំពូលចិន និងកំពុងទទួលបានប្រាក់ឈ្នួល ១៥លានដុល្លារក្នុងមួយឆ្នាំនៅទីនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628