បាល់ទាត់

ផ្លូវការៈ តំណែងជើងឯកលីគកំពូលបារាំង ផ្តល់ជូន Paris Saint-Germain

ជាផ្លូវការ សមាគមបាល់ទាត់អាជីពបារាំង (LFP) បានសម្រេចផ្តល់តំណែងជើងឯកលីគកំពូលបារាំង (Ligue 1) រដូវកាល២០១៩/២០២០ នេះទៅកាន់ម្ចាស់ការពារតំណែង Paris Saint-Germain បន្ទាប់ពីសម្រេចផ្អាកជាស្ថាពរ។

បន្ទាប់ពីមានការប្រកាសរបស់នាយករដ្ឋមន្ត្រីបារាំង សម្រេចឲ្យផ្អាករាល់សកម្មភាពកីឡាគ្រប់ប្រភេទទូទាំងប្រទេស ក៏ដូចជាមិនអនុញ្ញាតិឲ្យលីគកំពូលបារាំងបន្តដំណើរបានទៅទៀត ខាងសមាគមបាល់ទាត់អាជីពបារាំង (LFP) ដែលជាស្ថាប័នទទួលបន្ទុក ក៏បានសម្រេចប្រើប្រាស់រូបមន្ត Points-Per-Game ដើម្បីគណនាស្វែងរកចំណាត់ថ្នាក់ និងជើងឯកតែម្តង។

រូបមន្តនេះ គឺតម្រូវឲ្យយកពិន្ទុដែលក្លិបនីមួយៗ មានក្នុងដៃរៀងៗ ខ្លួនបច្ចុប្បន្នធ្វើការចែកនឹងចំនួនប្រកួតរួចរាល់។ ស្របពេលដែល Paris Saint-Germain ទើបលេងតែ ២៧សប្តាហ៍ តែរកបានដល់ទៅ ៦៨ពិន្ទុ ដាច់ក្លិបលេខរៀងទី២ Merseille ដែលលេងបាន ២៨សប្តាហ៍ ទើបតែមាន ៥៦ពិន្ទុប៉ុណ្ណោះ។ តាមរយៈការចំណេញប្រកួតមួយសប្តាហ៍ និងមានការដាច់ ១២ពិន្ទុស្រាប់នោះ តំណែងជើងឯកបានធ្លាក់លើក្រុមមានម្ចាស់ក្លិបជាសេដ្ឋីកាតាខាងលើ។

គិតមកទល់ពាក់កណ្តាលរាត្រីឆ្លងខែថ្មីនេះ ប្រទេសបារាំង ស្ថិតនៅលេខរៀងទី៤ ជាប្រទេសមានអ្នកផ្ទុកជំងឺ COVID-19 ច្រើនជាងគេបំផុតក្នុងសកលលោក ពោលគឺមាន ១៦៦ ៤២០នាក់ ដោយមានអ្នកស្លាប់ ២៤ ០៨៧នាក់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628