បាល់ទាត់

Willian ថាកីឡាករ Liverpool សព្វថ្ងៃក៏បារម្ភពីសុខភាពខ្លួន ជាជាងគិតពីការឈ្នះ Premier League ដែរ!

កីឡាករម្ចាស់អាវលេខ១០ របស់ក្លិបតោខៀវ Chelsea ពោលគឺ Willian បានបញ្ចេញមតិចំពោះគូប្រជែងក្នុងក្របខណ្ឌ Premier League ខ្លួនដោយសម្តៅដល់អ្នកគាំទ្រក្លិបហង្សក្រហម Liverpool ដោយត្រូវគិតអំពីបញ្ហាសុខភាពជាមជ្ឈដ្ឋានទូទៅ នៅក្នុងកាលៈទេសៈគ្រោះថ្នាក់ដោយសារជំងឺរាតត្បាតសកល COVID-19 បែបនេះ។

បច្ចុប្បន្នភាពជំងឺ COVID-19 បានកំពុងវាយលុកខ្លាំងនៅក្នុងទឹកដីចក្រភពអង់គ្លេសទាំងមូល ខណៈទល់ព្រឹកនេះ (ម៉ោងនៅកម្ពុជា) បានស្ថិតនៅលេខរៀងទី៤ មានអ្នកផ្ទុកជំងឺច្រើនជាងគេទូទាំងពិភពលោក គឺសរុបជាង ១៧មុឺននាក់ និងអ្នកស្លាប់យ៉ាងតិចជាង ២.៦មុឺននាក់។

ស្របពេលនោះដែល លីគកំពូលអង់គ្លេសបច្ចុប្បន្នក៏កំពុងដាក់សម្រាកជាបណ្តោះអាសន្ន ខណៈពេលវេលាវិលត្រឡប់ក៏មិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ ចំណែកអ្នកគាំទ្រ Liverpool ដែលជាអ្នកកំពុងរង់ចាំដំណឹងខ្លាំងបណ្តាអ្នកគាំទ្រក្លិបដទៃ ពោលដោយរង់ចាំឳកាសគ្រងជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូង ក្រោយខកខានរយៈពេល ៣០ឆ្នាំមកហើយ។

ពាក់ព័ន្ធសំណេរខាងលើកីឡាករសញ្ជាតិប្រេស៊ីល លេងក្នុងតំណែងស្លាបខាងលើបានលើកឡើងថាៈ

៉ សូម្បីតែកីឡាកររបស់ Liverpool ផ្ទាល់ បើអ្នកសួរពួកគេ ខ្ញុំជឿជាក់ថាបច្ចុប្បន្នពួកគេក៏គិតអំពីបញ្ហាសុខភាពជាជាងគិតអំពីការគ្រងដំណែងជើងឯក Premier League នោះដែរ។ ខ្ញុំបានត្រឹមអរគុណ ព្រះជាម្ចាស់ (God) ដែលជួយឲ្យខ្ញុំ និងគ្រួសារខ្ញុំ មិនបានជួបនូវជំងឺនេះ (COVID-19) ។ អ្នកគ្រប់គ្នាប្រហែលគិតថាពួកយើង ដែលជាកីឡាករអាជីពអាចងាយគេចផុតពីជំងឺនេះ ប៉ុន្តែកាលពិតវាមិនមែនបែបនេះឡើយ ជំងឺនេះនឹងវាយលុកលើខ្លួនអ្នកដោយមិនគិតថាជានរណានោះទេ។  ៉ 

គួររំលឹកឡើងវិញថា ក្នុងតារាងលីគកំពូលអង់គ្លេសបច្ចុប្បន្ន Liverpool បានឈរកំពូលតារាងដាច់ពិន្ទុ ដោយមាន ៨២ពិន្ទុក្នុងដៃ ខណៈ Manchester City តាមពីក្រោយមានត្រឹម ៥៧ពិន្ទុប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628