បាល់ទាត់

Fabio Cannavaro បង្ហើបក្តីស្រមៃចង់ដឹកនាំ Real Madrid

អតីតកីឡាករជួយក្រុមជម្រើសជាតិអ៊ីតាលីគ្រងជើងឯក FIFA World Cup ឆ្នាំ២០០៦ លោក Fabio Cannavaro បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា មានគោលក្តីស្រមៃនាពេលអនាគតណាមួយចង់ក្លាយជាអ្នកចាត់ការទូទៅនៃក្លិបយក្សអេស្ប៉ាញ Real Madrid ។

រំលឹកទៅអតីកាលបន្តិចវិញអតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ ក៏ធ្លាប់ជាកីឡាកររបស់ Real Madrid ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ដោយបានបង្ហាញខ្លួនសរុប ១១៨លើក និងរួមចំណែកឈ្នះពានលីគកំពូលអេស្ប៉ាញ ២សម័យកាលផងដែរ។

បច្ចុប្បន្នភាព Fabio Cannavaro  កំពុងប្រកបអាជីពជាគ្រូបង្វឹកនៅក្លិបល្បីឈ្មោះសមាជិកលីគកំពូលចិន Guangzhou Evergrande ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយបុរសវ័យ ៤៦ឆ្នាំរូបនេះបានលើកឡើងថាៈ

៉ ប្រសិនបើអ្នកតាំងខ្លួនយកអាជីពជាគ្រូបង្វឹក ដូច្នេះត្រូវតាំងចិត្តធ្វើឲ្យបានល្អបំផុត។ ដូច្នេះខ្ញុំក៏មានក្តីស្រមៃទៅដឹកនាំ Real Madrid នាពេលណាមួយខាងមុខផងដែរ។ មិនត្រឹមតែ Real Madrid ឡើយ បើមានឳកាសខ្ញុំនឹងដឹកនាំក្រុមជម្រើសជាតិខ្ញុំ (អ៊ីតាលី) ឬក្លិបធំៗ ផ្សេងទៀតនៅតំបន់អឺរ៉ុប។ ខ្ញុំមានជំនឿចិត្តថា អាចមានសមត្ថភាពក្នុងការដឹកនាំក្លិបធំដូចជា Real Madrid ។  ៉ 

ចាប់តាំងពីផ្តើមអាជីពជាគ្រូបង្វឹកមក លោក Fabio Cannavaro ធ្លាប់បានជួយក្លិប Tianjin Quanjian គ្រងជើងឯកលីគលំដាប់ទី២ ចិន និងឡើងមកលីគកំពូលកាលពីឆ្នាំ២០១៦ និងបន្តដឹកនាំក្លិបសព្វថ្ងៃ Guangzhou Evergrande ឈ្នះពាន Cup ចិនឆ្នាំ២០១៨ រួមទាំងលីគកំពូលចិនឆ្នាំ២០១៩ កន្លងទៅថ្មីៗ ថែមទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628