បាល់ទាត់

បើលក់ Pogba បាន , Man Utd អាចនាំយកកីឡាកររូបនេះ ចំណេញទាំងលុយ និងសមត្ថភាព

ចចាមអារ៉ាមៈ ក្លិបបិសាចក្រហម Manchester United អាចនឹងដាក់ពាក្យនាំយកតារាឆ្នើមប្រចាំក្លិបហូឡង់ AFC Ajax ពោលគឺ Donny van de Beek សម្រាប់ជំនួសតំណែងខ្សែបម្រើខ្លួន Paul Pogba ដែលអាចនឹងចាកចេញទៅកាន់ Juventus ឬ Real Madrid ក្នុងពេលខាងមុខ។

យោងទៅតាមព័ត៌មានចុះផ្សាយមួយរយៈចុងក្រោយ កីឡាកររួមចំណែកជម្រើសជាតិបារាំងគ្រងជើងឯក FIFA World Cup ឆ្នាំ២០១៨ កន្លងទៅថ្មីៗ ខាងលើហាក់ដូចជាកំពុងស្ថិតនៅក្នុងបន្ទាត់ក្តៅក្នុងការចាកចេញពីទឹកដី Old Trafford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ចំពោះក្លិបដែលរាយការណ៍ថាមានចំណាប់អារម្មណ៍ដូចជាអតីតក្លិបសេះបង្កង់ Juventus ឬ ក្លិបយក្សអេស្ប៉ាញ Real Madrid ជាមួយតម្លៃខ្លួនចន្លោះពី ៥០លានផោនទៅ៩០លានផោន (តម្លៃខ្លួនធ្លាក់ចុះអំឡុងសម័យកាលវិបត្តិសេដ្ឋកិច្ចសាកល ដោយសារជំងឺ COVID-19 ) ។

ដូច្នេះបើការចរចារតម្លៃខ្លួន និងធ្វើការផ្ទេរចេញនូវ Paul Pogba បានសម្រេចទៅអ៊ីតាលី ឬអេស្ប៉ាញប្រាកដមែន Manchester United អាចនឹងរកចំណូលបន្ថែមបាន ប៉ុន្តែទន្ទឹមនឹងនេះលោក Ole Gunnar Solsjkaer ក៏ត្រូវការស្វែងរកកីឡាករជំនួសវិញដូចគ្នា។

ក្រឡេកទៅមើល ខ្សែបម្រើឆ្នើមប្រចាំក្លិប AFC Ajax ឯណោះវិញ Donny van de Beek ដែលមានវ័យទើប ២៣ឆ្នាំនៅឡើយ សមត្ថភាពក៏គួរឲ្យចាប់អារម្មណ៍ទាំងក្នុងលីគ និងក្រុមជម្រើសជាតិហូឡង់។ កីឡាកររូបនេះក៏ស្ថិតនៅក្នុងបញ្ជី Ballon d’Or ឆ្នាំ២០១៩ លេខរៀងទី២៨ ផងដែរ។

ក្រៅពីអាយុ និងសមត្ថភាពមានប្រៀបជាង Paul Pogba ចំណែកតម្លៃខ្លួនក្នុងទីផ្សារដោះដូរវិញ ក៏មានតម្លៃថោកជាងរួមផង នេះបើតាមការផ្សាយរបស់ Sportmail កន្លងមក Donny van de Beek មានតម្លៃខ្លួនត្រឹមតែចន្លោះពី ៣០លានផោន ទៅ ៤៥លានផោនប៉ុណ្ណោះ។

ដូច្នេះជារួម Donny van de Beek គឺជាជម្រើសល្អបំផុត ឬសក្តិសមនឹងជំនួស Paul Pogba ក្នុងការនាំយកមកចាប់ដៃគូជាមួយ Bruno Fernandes ដែលកំពុងបង្ហាញភាពលេចធ្លោរនៅ Manchester United បច្ចុប្បន្នភាពក្រោមការដឹកនាំរបស់លោក Ole Gunnar Solsjkaer 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628