បាល់ទាត់

លីគកំពូលម៉ាឡេស៊ី ពន្យារពេលវិលវិញដល់ខែកញ្ញា និងលេងតែ១ខែប៉ុណ្ណោះបញ្ចប់រដូវកាលនេះ

លីគកំពូលម៉ាឡេស៊ី (Malaysia Super League) បានប្រកាសវិលត្រឡប់មកដំណើរការវិញនៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ខណៈរៀបចំឲ្យប្រកួតែរយៈពេល ១ខែប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលទាំងមូល។

តាមសេចក្តីប្រកាសរបស់ស្ថាប័នដឹកនាំការប្រកួតលីគម៉ាឡេស៊ី (MFL) បានកំណត់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលម៉ាឡេស៊ីរដូវកាល២០២០ ពីថ្ងៃទី០២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ការប្រកួតទាំងអស់នឹងមិនអនុញ្ញាតិឲ្យមានអ្នកគាំទ្រចូលរួមទស្សនាឡើយ (Closed-Door Match) ។

លក្ខខណ្ឌថ្មី គឺតម្រូវឲ្យសមាជិកលីគកំពូលម៉ាឡេស៊ី ក្លិបនីមួយៗប្រកួតតែ ៧លើកទៀតប៉ុណ្ណោះ ពោលដោយបញ្ចប់ត្រឹមលទ្ធផលជើងទី១ និងគិតតាមចំណាត់ថ្នាក់ជាក់ស្តែងតែម្តងដើម្បីស្វែងរកជើងឯកតំណាងលីគលេងពានរង្វាន់អន្តរជាតិ (AFC Cup) ព្រមទាំងការបញ្ចប់លីគរដូវកាល២០២០។

គួរបញ្ជាក់ផងថា មុនមកដល់ពេលបិទសម្រាកលីគបណ្តោះអាសន្នដោយសារជំងឺ COVID-19 រាតត្បាត លីគកំពូលម៉ាឡេស៊ីរដូវកាលនេះបានដំណើរការ ៤ប្រកួតរួចរាល់ ខណៈក្លិប Johor Darul Ta’zim កំពុងកាន់កាប់កំពូលតារាង ដោយឈ្នះ ៣លើក ស្មើរ ១លើក មាន ១០ពិន្ទុលើសគេ។

ក្រៅពីលីគកំពូលម៉ាឡេស៊ី ដូចគ្នាផងដែរលីគលំដាប់ទី២ម៉ាឡេស៊ី (Malaysia Premier League) ក៏វិលដំណើរការវិញដូចគ្នានៅខែកញ្ញា និងរៀបចំឲ្យប្រកួតដើម្បីបញ្ចប់លីគត្រឹមជើងទី១ ផងដែរ។

យ៉ាងណាក្តី! តាមប្រភពដដែលលីគទាំង២កម្រិតរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២០ អាចនឹងត្រូវលុបចោលជារួមផង ប្រសិនបើពន្យារពេលទៅដល់ខែកញ្ញា ហើយស្ថានភាពជំងឺ COVID-19 នៅតែបន្តរីករាលដាលដដែលនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628