បាល់ទាត់

ថ្មីបន្ថែមទៀត! កីឡាករ៣នាក់​នៅលីគកំពូលអាល្លឺម៉ង់តេស្តឃើញផ្ទុក COVID-19

ជាផ្លូវការ កីឡាករ៣នាក់ដែលជាសមាជិករបស់ក្លិប FC Cologne នៃលីគកំពូលអាល្លឺម៉ង់ ត្រូវបានតេស្តឃើញមានផ្ទុកជំងឺឆ្លងប្រភេទថ្មី COVID-19 កាលពីម្សិលមិញនេះ។

យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្លិបដែលឡើងពីក្របខណ្ឌលីគលំដាប់ទី២ អាល្លឺម៉ង់ កាលពីរដូវកាលមុនខាងលើ បានបង្ហាញទិន្នន័យថាបានរកឃើញកីឡាករក្នុងឈុតធំចំនួន៣នាក់ បានឆ្លងនូវជំងឺ COVID-19 ព្រមគ្នាតែម្តង កាលពីម្សិលមិញនេះ ស្របពេលដែលបច្ចុប្បន្នបានបញ្ចូនទៅកាន់មន្ទីរដាក់ឃុំដាច់ដោយឡែកជាបណ្តោះអាសន្នដើម្បីបន្តតាមដានពីក្រុមវេជ្ជបណ្ឌិត។

យ៉ាងណាក៏ដោយ! ក្លិប FC Cologne មិនបានបង្ហាញឈ្មោះកីឡាករទាំង៣រូបនេះឡើយ ដោយលើកហេតុផលសិទ្ធិបុគ្គល តែសន្យារនឹងព្យាយាមជួយទំនុកបម្រុងឲ្យជាសះស្បើយវិញឆាប់ៗ ខាងមុខ។

គួរឲ្យដឹងផងថា បច្ចុប្បន្នក្លិបមួយចំនួននៅលីគកំពូលអាល្លឺម៉ង់បានកោះហៅកីឡាករមកជំរុំហ្វឹកហាត់ជាបណ្តើរៗ ហើយក៏មានការពិនិត្យម៉ត់ចត់ផងដែរ។ តែចំពោះស្ថានភាពលីគដំណើរការវិញ ហាក់ដូចជាពុំទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយ។

បញ្ជាក់ ប្រទេសអាល្លឺម៉ង់ គិតមកទល់ព្រឹកនេះមានអ្នកផ្ទុក COVID-19 ប្រមាណជាង ១៦.២មុឺននាក់ ស្របពេលមានអ្នកបាត់បង់ជីវិតសរុបជាង ៦ ៥០០នាក់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628