បាល់ទាត់

Ho Chi Minh City ចង់ទិញផ្តាច់ Cong Phuong ជាមួយការផ្តល់តម្លៃខ្លួនជាង ៦៥មុឺនដុល្លារ

រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់វៀតណាមក្នុងថ្ងៃនេះ គឺដំណឹងពីក្លិបជើងឯករងលីគកំពូលវៀតណាមរដូវកាលចាស់ Ho Chi Minh City ដាក់សំណើទិញផ្តាច់កីឡាករ Nguyen Cong Phuong ជាមួយការផ្តល់តម្លៃខ្លួនកប់ពពកពោលគឺ ១៥ពាន់លានដុង ឬស្មើរប្រមាណជាង ៦៥មុឺនដុល្លារ។

កីឡាករជម្រើសជាតិវៀតណាម លេងក្នុងតំណែងបម្រើប្រយុទ្ធខាងលើក្នុងរដូវកាលនេះកំពុងតែរួមរស់ជាមួយក្លិប Ho Chi Minh City ស្រាប់ទៅហើយ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងពីក្លិបដើម Hoang Anh Gia Lai FC មួយរដូវកាល។ ខណៈមុនមកដល់ការបិទសម្រាកលីគដោយសារ COVID-19 កីឡាកររូបនេះបានបង្ហាញខ្លួន ៦លើក និងរកបាន ៣គ្រាប់ផងដែរ។

ក្រោយបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ពេលនេះក្លិបដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញនេះផ្ទាល់ មានចេតនាចង់បាន Nguyen Cong Phuong មកធ្វើជាកម្មសិទ្ធិផ្តាច់តែម្តង ពោលដោយបានដាក់សំណើទៅកាន់ក្លិបដើម Hoang Anh Gia Lai FC ដោយផ្តល់តម្លៃខ្លួន ១៥ពាន់លានដុង ឬស្មើរប្រមាណជាង ៦៥មុឺនដុល្លារឲ្យធ្វើការពិចារណា។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម The Thao 247 ។

បើក្រឡេកទៅមើលសពុលភាពនៃកិច្ចសន្យារវាង Nguyen Cong Phuong ជាមួយក្លិប Hoang Anh Gia Lai FC គឺនៅសល់រយៈពេលយូរថែមទៀត ពោលគឺដាច់នៅពេលរូបគេអាយុ ២៨ឆ្នាំឯណោះ ខណៈបច្ចុប្បន្នទើបមានអាយុ ២៥ឆ្នាំ។

ក្រៅពីខាងលើកីឡាករកម្ពស់ ១.៦៨ម៉ែត្ររូបនេះ ក៏ធ្លាប់មានបទពិសោធន៍ខ្ចីជើងទៅលេងនៅក្រៅប្រទេសដល់ទៅ ៣លើកផងរួមមាន Mito HollyHock (លីគលំដាប់ទី២ ជប៉ុន) កាលពីឆ្នាំ២០១៦ , Incheon United (លីគកំពូលកូរ៉េខាងត្បូង) ឆ្នាំ២០១៩ និងចុងក្រោយទៅលេងនៅ Sint-Truidense VV (លីគកំពូលប៊ែលហ្ស៊ិក) កាលពីឆ្នាំ២០១៩ កន្លងទៅដូចគ្នា។

ដូច្នេះហើយបានបង្ករឲ្យតម្លៃខ្លួនរបស់កីឡាកររួមចំណែកជួយវៀតណាម គ្រងជើងឯកព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨ កន្លងទៅរូបនេះមានតម្លៃខ្ពស់បែបនេះ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628