បាល់ទាត់

គ្រូ Makassar ប្រៀបធៀបកម្រិតលីគម៉ាឡេស៊ី និងឥណ្ឌូនេស៊ី សម្អាងទៅតាមចំនួនប្រាក់ខែ

គ្រូបង្គោលនៃក្លិប PSM Makassar សមាជិកលីគកំពូលឥណ្ឌូនេស៊ី លោក Bojan Hodak បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា កីឡាករម៉ាឡេស៊ីអាចបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ជាងកីឡាករឥណ្ឌូនេស៊ី ព្រោះនៅលីគម៉ាឡេស៊ីមានក្លិបជាច្រើនហ៊ានចំណាយផ្តល់ប្រាក់ខែខ្ពស់ជាងកីឡាករលេងនៅលីគឥណ្ឌូនេស៊ី។

បុរសវ័យ ៤៨ឆ្នាំ និងមានសញ្ជាតិក្រូអាតខាងលើ បានចាកចេញពីម៉ាឡេស៊ីក្រោយបញ្ចប់ឆ្នាំ២០១៩ ដោយធ្លាប់មានបទពិសោធន៍ជោគជាំនៅទីនោះ ពោលគឺធ្លាប់ដឹកនាំក្លិប Kelantan FA , Johor Darul Ta’zim , Penang FA (ជានាយកប្រតិបត្តិ) និងចុងក្រោយដឹកនាំជម្រើសជាតិម៉ាឡេស៊ី ឈុត U19 ផងដែរ។

ចូលមកដល់ឆ្នាំថ្មី២០២០ នេះរូបគាត់បានសម្រេចឈានជើងមកប្រឡូកនៅក្នុងប្រទេសជិតខាងឥណ្ឌូនេស៊ីវិញម្តង ដោយបានតំណែងជាគ្រូបង្វឹកនៃក្លិបលីគកំពូល PSM Makassar ។ បញ្ជាក់ផងថា រូបគាត់ក៏ធ្លាប់បានដឹកនាំក្លិបភ្នំពេញក្រោន នៃលីគកំពូលកម្ពុជាយើង កាលពីរដូវកាល២០១០ និង២០១១ រួមផង។

ឆ្លងកាត់នូវបទពិសោធន៍របស់គាត់ផ្ទាល់ លោក Bojan Hodak នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតឥណ្ឌូនេស៊ីនាពេលកន្លងទៅថ្មីៗនេះ បានបង្ហាញទស្សនៈដូចតទៅៈ

៉ បញ្ហានៅទីនេះ (លីគកំពូលឥណ្ឌូនេស៊ី) គឺថាមានតែក្លិបមួយចំនួនប៉ុណ្ណោះដែលមានលទ្ធភាពហ៊ានចំណាយប្រាក់ខែខ្ពស់ដល់កីឡាករល្អៗ ដូចទៅនឹងក្លិបលីគកំពូលម៉ាឡេស៊ី ឬក្លិបលីគកំពូលថៃ។ នេះជាមូលហេតុដែលអ្នកគ្រប់គ្នាបានឃើញមកហើយ កីឡាករសញ្ជាតិសិង្ហបុរី និងកីឡាករសញ្ជាតិថៃភាគច្រើនគឺពួកគេបានផ្លាស់ទៅលេងនៅលីគកំពូលម៉ាឡេស៊ី ប៉ុន្តែមិនមាននៅឥណ្ឌូនេស៊ី។ ខ្ញុំសម្លឹងឃើញថា ប្រសិនបើកីឡាករម៉ាឡេស៊ីអាចលេងនៅលីគឥណ្ឌូនេស៊ី នោះពួកគេនឹងមានលទ្ធភាពខ្ពស់ក្នងុការបង្ហាញសមត្ថភាព និងកសាងកេរ្តិ៍ឈ្មោះ។   ៉ 

ដើមរដូវកាល២០២០នេះ លោក Bojan Hodak បានដឹកនាំក្លិប PSM Makassar ទើបបានចំនួន ៦ប្រកួត ឈ្នះ ៤លើក ស្មើរ ១លើក និងចាញ់ ១លើក ខណៈកំពុងឈរនៅលេខរៀងទី៦ នៃតារាងលីគកំពូលឥណ្ឌូនេស៊ីជាបណ្តោះអាសន្ន ស្របពេលដែលសកម្មភាពបាល់ទាត់កំពុងសម្រាកដោយសារជំងឺរាតត្បាតសកល COVID-19 ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628