បាល់ទាត់

ក្លិបដំបូងនៅលីគកំពូលអ៊ីតាលី កោះហៅកីឡាករចូលជំរុំហ្វឹកហាត់ឡើងវិញ

ក្លិបសមាជិកលីគកំពុលអ៊ីតាលី US Sassuolo Calcio បានក្លាយជាក្លិបដំបូងគេប្រកាសកោះហៅកីឡាករឈុតធំចូលជំរុំហ្វឹកហាត់ឡើងវិញ បើទោះបីជាមានគោលការណ៍ពីរដ្ឋាភិបាលអ៊ីតាលី ពាក់ព័ន្ធនឹងការជួបជុំក៏ដោយ ព្រោះត្រូវបង្ការការរាតត្បាតជំងឺ COVID-19 ។

សមាជិកឈុតធំនៃក្លិបឈរលេខរៀងទី១១ នៃតារាងលីគកំពូលអ៊ីតាលី (Serie A) កាលពីរដូវកាលមុនខាងលើ នឹងត្រូវធ្វើដំណើរមកជំរុំហ្វឹកហាត់របស់ក្លិប Mapei Football Center ចាប់ពីថ្ងៃច័ន្ទ ស្អែកនេះតទៅ។ ស្របពេលដែលរដ្ឋាភិបាលអ៊ីតាលី ទើបតែប្រកាសតម្រូវឲ្យក្លិបទាំងអស់រង់ចាំបន្តយ៉ាងតិចដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ទើបគួរប្រមូលផ្តុំកីឡាករឡើងវិញ។

យ៉ាងណាក៏ដោយ! យោងតាមសេចក្តីប្រកាសរបស់ក្លិប US Sassuolo Calcio ផ្ទាល់ បានបង្ហាញលក្ខខណ្ឌនៃការប្រមូលផ្តុំកីឡាករហ្វឹកហាត់ថ្មីផងដែរ ដោយបានកំណត់មកដូចជាៈ

+ មានតែកីឡាករឈុតធំប៉ុណ្ណោះ អាចធ្វើដំណើរមកជំរុំហ្វឹកហាត់
+ ភ្នាក់ងារ បុគ្គលិក ​មន្ត្រីក្លិបដែលអត់ចាំបាច់ មិនអនុញ្ញាតិឲ្យមកជំរុំហ្វឹកហាត់ឡើយ
+ ការហ្វឹកហាត់ ធ្វើឡើងតែពេលព្រឹកព្រលឹមតែប៉ុណ្ណោះ
+ ការហ្វឹកហាត់ត្រូវរៀបចំលើទីលានតូចៗ ចំនួន ៣ផ្សេងគ្នា (ដោយ ១ទីលានតូច ដាក់កីឡាករ ៦នាក់)
+ មុនចូលទីលានហ្វឹកហាត់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងលាងសម្អាតខ្លួនជាមុន។

គួរឲ្យដឹងផងថា សព្វថ្ងៃក្នុងប្រទេសអ៊ីតាលីទាំងមូលត្រូវបានរកឃើញអ្នកផ្ទុក COVID-19 ដល់ទៅជាង ២០មុឺននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជិត ៣មុឺននាក់ទៅហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628