បាល់ទាត់

ពេលវេលាតែម្តងគត់ក្នុងអាជីពរបស់ Mourinho ធ្លាប់ហូរទឹកភ្នែក ក្រោយប្រកួតចាញ់

អ្នកចាត់ការទូទៅនៃក្លិប Tottenham Hotspur សព្វថ្ងៃលោក Jose Mourinho បង្ហើបប្រាប់ពីពេលវេលាដែលលោកធ្លាប់យំតែម្តងគត់ក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ ២០ឆ្នាំំមកនេះ ពោលគឺពេលនៅដឹកនាំ Real Madrid ចាញ់ FC Bayern Munich ក្នុងក្របខណ្ឌ UEFA Champions League រដូវកាល២០១១/២០១២ ។

នាគ្រានោះ Real Madrid បានប៉ះជើងខ្លាំងអាល្លឺម៉ង់ FC Bayern Munich វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ UEFA Champions League ខណៈជើងទី១ បានចាញ់ ១ទល់២ ប៉ុន្តែចូលដល់ជើងទី២ ក្នុងដីខ្លួនបានវាយបក ២ទល់១ វិញទៅហើយ ប៉ុន្តែរបូតឳកាសឡើងវគ្គផ្តាច់ព្រ័ត្រដោយសារចាញ់បាល់កាត់សេចក្តី១១ម៉ែត្រចុងម៉ោង។ នេះគឺពេលវេលាដែលបុរសរហ្សនាម The Special One រូបនេះបានបង្ហូរទឹកនេត្រា បើតាមការលើកឡើងរបស់គាត់។

លោក Jose Mourinho បានរំលឹកឡើងវិញថាៈ

៉ មិនគួរឲ្យជឿនោះទេ! ពួកយើងមានកីឡាករ Kaka, Cristiano Ronaldo និង Sergio Ramos ជាដើម ដែលពួកគេសុទ្ធសឹងជាបិសាចក្នុងពិភពបាល់ទាត់ ប៉ុន្តែលទ្ធផលចុងក្រោយពួកយើងបានត្រឹមបរាជ័យ។ វាមិនគួរឲ្យជឿនោះឡើយ តែនេះគឺជាបាល់ទាត់។ រាត្រីនោះ គឺជាពេលតែម្តងគត់ក្នុងអាជីពរបស់ខ្ញុំ ដែលខ្ញុំបានយំក្រោយបញ្ចប់ការប្រកួត។ វាជាអារម្មណ៍ដែលពិបាកបកស្រាយ ព្រោះពួកយើងដឹងថាខ្លួនយើងជាក្រុមល្អមួយក្នុងលោក តែបែរជាបរាជ័យទៅវិញ។ លោក Aitor Karanka (ជំនួយការគ្រូបង្វឹកឆ្នាំនោះ) បានជូនខ្ញុំដាក់ឡាន ស្របពេលដែលខ្ញុំកំពុងយំនៅឡើយ។  ៉ 

យ៉ាងណាក្តី! ក្នុងអាជីពរបស់បុរសវ័យ ៥៧ឆ្នាំរូបនេះនៅ Real Madrid បាន៣រដូវកាល ក៏ធ្លាប់ជួយឲ្យគ្រងជើងឯកលីគកំពូលអេស្ប៉ាញ (La Liga) ១លើក , Copa de Rey ១លើក និងពានបើករដូវកាល ១លើករួមផង។

ចំណែកឯ FC Bayern Munich នារដូវកាល២០១១/២០១២ ដ្បិតបានទម្លាក់ Real Madrid តែក៏បានរងជើងឯក ក្រោមថ្វីជើង Chelsea ផងដែរនៅវគ្គផ្តាច់ព្រ័ត្រ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628