បាល់ទាត់

COVID-19 ធ្វើឲ្យក្លិបលីគកំពូលឥណ្ឌូនេស៊ីនេះ ត្រៀមរំសាយកិច្ចសន្យាកីឡាករ គ្រូបង្វឹក និងមន្ត្រីគ្រ​ប់ផ្នែក

ដូចប្រិយមិត្តបានកត់សម្គាល់មកហើយ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតសកល COVID-19 បានធ្វើឲ្យសេដ្ឋកិច្ចជុំវិញពិភពលោកមានការប្រែប្រួល មិនត្រឹមតែប៉ុណ្ណោះសម្រាប់ក្លិបបាល់ទាត់អាជីពវិញទៀតសោត កាន់តែប្រឈមបញ្ហាពីព្រោះត្រូវចំណាយថវិកាដល់កីឡាករទៅតាមកិច្ចសន្យាទៀតផង។ មូលហេតុនេះ បានរុញច្រានឲ្យក្លិប Arema FC បានត្រៀមប្រកាសរំសាយកិច្ចសន្យាក្រុមទាំងមូលដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចក្លិប។

ក្លិប Arema FC គឺជាសមាជិកនៃលីគកំពូលឥណ្ឌូនេស៊ី (Liga 1) ខណៈរដូវកាលមុនកន្លងទៅបានឈរលេខរៀងទី៩ ក្នុងតារាងលីគ បានប្រកាសត្រៀមលុបកិច្ចសន្យាជាមួយក្រុមមន្ត្រីការងារមួយភាគធំ កីឡាករគ្រប់រូប រួមទាំងក្រុមគ្រូបង្វឹកផងដែរ ប្រសិនបើលីគមិនអាចដំណើរការបានវិញរយៈពេលយូរទៀតក្នុងឆ្នាំនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Indosport លោក Ruddy Widodo អ្នកចាត់ការទូទៅក្លិប បាននាំពាក្យពីលោក Agoes Soerjanto ដែលជាប្រធានក្លិបដោយលើកឡើងថាៈ

៉ ពីព្រោះតែពួកយើងជួបនឹងស្ថានភាពបែបនេះ ហើយបើសកម្មភាពបាល់ទាត់មិនដំណើរការឡើងវិញ ពួកយើងនឹងរំសាយកិច្ចសន្យាការងារទាំងអស់។ ការរំសាយនេះ ពួកយើងគិតរួមទាំងកីឡាករ ក្រុមគ្រូបង្វឹក និងមន្ត្រីក្លិបមួយចំនួនផងដែរ។ មួយរយៈកាលនេះ ពួកយើងក៏បានជួបប្រទះវិបត្តិទៅហើយ ដ្បិតទទួលបានការកាត់ប្រាក់ខែបុគ្គលិក ២៥% ក៏ដោយ។ ក្នុងកាលៈទេសៈបែបនេះ គ្មាននរណាម្នាក់ទទួលបានផលប្រយោជន៍នោះឡើយ។ អ្នកដែលទទួលបានប្រយោជន៍ច្រើន មានតែអ្នកផលិតម៉ាស និងទឹកលាងដៃតែប៉ុណ្ណោះ។  ៉ 

លោកក៏បានបង្ហើបឲ្យដឹងអំពីតួលេខចំណាយដែលក្លិបបានបន្ថែមពីលើក្នុងរយៈពេលប៉ុន្មានខែមកនេះ Arema FC បានខាតបង់ថវិកាជាង ១៣មុឺនដុល្លារស្រាប់ទៅហើយ ដូច្នេះបើសកម្មភាពបាល់ទាត់ត្រូវផ្អាករយៈពេលវែងទៀត ក្លិបមិនអាចទប់ទល់តទៅមុខនោះទេ។

គួរឲ្យដឹងផងថា គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះប្រទេសឥណ្ឌូនេស៊ីទាំងមូលបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 សរុប ១១ ៥៨៧នាក់ ក្នុងនោះស្លាប់ចំនួន ៨៦៤នាក់ និងមានអ្នកជាសះស្បើយត្រឹម ១ ៩៥៤នាក់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628