បាល់ទាត់

អតីតគ្រូ Bayern លោក Heynckes ថា Sane មិនសក្តិសមនឹងតម្លៃខ្លួន ១០០លានអឺរ៉ូ

អតីតអ្នកចាត់ការទូទៅក្លិប FC Bayern Munich លោក Jupp Heynckes បានក្រើនរំលឹកដល់អតីតក្លិបខ្លួនធ្លាប់គ្រប់គ្រងនេះថា មិនត្រូវចំណាយថវិកាលើសពី ១០០លានអឺរ៉ូ ដើម្បីចង់នាំយកខ្សែប្រយុទ្ធ Leroy Sane ពីក្លិប Manchester City ឡើយ។

ក្រោយទទួលបានដំណឹងមួយរយៈកន្លងទៅនេះ ដោយបានផ្សព្វផ្សាយតាមរយៈកាសែតកីឡាមួយចំនួននាតំបន់អឺរ៉ុបអំពីក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich គ្រោងនឹងចំណាយលុយធំដល់ទៅ ១០០លានអឺរ៉ូ ចង់បានកីឡាករវ័យ ២៤ឆ្នាំខាងលើមករួមក្រុមសម្រាប់រដូវកាលថ្មី ២០២០/២០២១ ខាងមុខ។

ពាក់ព័ន្ធនឹងរឿងនេះ លោក Jupp Heynckes ដែលធ្លាប់មានដឹកនាំក្លិបនេះគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ ៤សម័យកាលបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចតទៅៈ

៉ ខ្ញុំគិតថាគាត់ (Leroy Sane) គឺជាកីឡាករល្អមួយរូប។ រូបគេធ្វើបានល្អពេលមុនរងរបួសខ្លាំងកន្លងមក។ តែពេលនេះ! សម្រាប់ខ្ញុំផ្ទាល់គិតថា រូបគេមិនទាន់សក្តិសមជាកីឡាករកំពូលនៅឡើយទេ។ ខ្ញុំគិតថា Sane គួរត្រូវប្រើប្រាស់រយៈពេលដើម្បីព្យាយាមអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។  ៉ 

បុរសវ័យ ៧៤ឆ្នាំខាងលើបានបន្ថែមយោបល់ថាៈ

៉ Sane ត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការបោះជំហានឲ្យក្លាយខ្លួនជាកីឡាករមានទេពកោសល្យ ដោយត្រូវចាប់ផ្តើមពីពេលនេះតទៅ។ តែពេលនេះ ខ្ញុំមានតែនិយាយតាមត្រង់ថារូបគេមិនទាន់សក្តិសមនឹងតម្លៃនេះឡើយ (១០០លានអឺរ៉ូ) ។   ៉

រំលឹកឡើងមកវិញថា លោក Jupp Heynckes ធ្លាប់មានប្រវត្តិដឹកនាំក្លិប FC Bayern Munich ដល់ទៅ ៤លើករួមមាន លើកទី១ (ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១) , លើកទី២ (ឆ្នាំ២០០៩) , លើកទី៣ (ឆ្នាំ២០១១ ដល់ឆ្នាំ២០១៣) និងលើកចុងក្រោយ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨) ។

ចំណែកឯ Leroy Sane ដែលជាកីឡាករសញ្ជាតិអាល្លឺម៉ង់ ក្រោយពីរងរបួសតាំងពីដើមរដូវកាល និងបន្តរាំរ៉ៃរហូតដល់បច្ចុប្បន្នទើបតែសះស្បើយបន្តិច ក៏ត្រូវផ្អាកសកម្មភាពបាល់ទាត់ដោយសារវិបត្តិសកលនៃជំងឺ COVID-19 ថែមទៀត។ ក្នុងរដូវកាល២០១៩/២០២០ នេះរូបគេបានបង្ហាញខ្លួនតែ១លើកគត់ ក្នុងពានរង្វាន់បើករដូវកាល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628