បាល់ទាត់

តាមពិត Xavi ជាបេក្ខភាពជំនួស Valverde នៅ Barcelona តែសាមីខ្លួនបដិសេធ

អតីតកីឡាករលេងក្នុងតំណែងខ្សែបម្រើលំដាប់ពិភពលោក Xavi Hernandez បានទម្លាយឲ្យដឹងថា រូបគាត់ពិតជាទទួលបានសំណើទៅដឹកនាំអតីតក្លិបខ្លួន FC Barcelona កាលពីកំឡុងខែមករា ដើមឆ្នាំ២០២០ ប៉ុន្តែរូបលោកានបដិសេធដើម្បីបន្តសន្សំបទពិសោធន៍ថែមទៀតសិន។

បុរសដែលមានវ័យ ៤០ឆ្នាំ និងកំពុងបន្តអាជីពជាគ្រូបង្វឹកនៅក្លិប Al Sadd SC នៃលីគកំពូលកាតារូបនេះ បានទម្លាយឲ្យអ្នកសារព័ត៌មានដឹងថា រូបគាត់ពិតជាត្រូវបានខាងអតីតក្លិប FC Barcelona ធ្វើការទាក់ទង ចង់ឲ្យទៅដឹកនាំគ្រាក្លិបបានចែកផ្លូវគ្នាជាមួយលោក Ernesto Valverde តែរូបគាត់បានបដិសេធ ទើបក្លិបសម្រេចតែងតាំងលោក Quique Setien ទៅវិញ។

អតីតសមាជិកជួយក្រុមជម្រើសជាតិអេស្ប៉ាញ គ្រងជើងឯក FIFA World Cup ឆ្នាំ២០១០ បាននិយាយថាៈ

៉ ត្រឹមខែមករា កន្លងទៅនេះ ខ្ញុំគិតថាវាមិនសក្តិសមជាពេលវេលាដែលខ្ញុំទៅទីនោះឡើយ (FC Barcelona) ។ ជាការពិត! ខ្ញុំបានជជែកគ្នាជាមួយលោក Eric Abidal (នាយកបច្ចេកទេសក្លិប) និងលោក Oscar Grau (ប្រធានប្រតិបត្តិក្លិប) អំពីសំណើពួកគេ តែខ្ញុំគិតថាវាមិនទាន់ជាពេលវេលសក្តិសមនោះឡើយ។ ការដឹកនាំ Barcelona គឺជាក្តីសុបិនរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវការពេលវេលា និងបទពិសោធន៍បន្ថែមទៀតជាមុន។ ដូចខ្ញុំបាននិយាយច្រើនដងមកហើយ ខ្ញុំនឹងទៅដឹកនាំ Barcelona ក្នុងពេលណាមួយខាងមុខ។  ៉ 

រំលឹកឡើងមកវិញថា Xavi ធ្លាប់រួមចំណែកជួយក្លិបយក្សតំបន់កាតាឡូញ៉ា ខាងលើឲ្យកាន់តំណែងជើងឯកលីគកំពូលអេស្ប៉ាញ ៨សម័យកាល និងធ្លាប់បង្ហាញខ្លួនលេងឲ្យក្លិបទឹកដី Camp Nou នេះរហូតដល់ទៅ ៧៦៧លើកឯណោះ មុនចាកចេញមកលេងឲ្យក្លិប Al Sadd SC កាលពីឆ្នាំ២០១៦ និងចូលនិវត្តន៍ហើយបន្តអាជីពដឹកនាំក្លិបនេះរហូតទល់សព្វថ្ងៃ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628