បាល់ទាត់

Ronaldo បាននាំគ្រួសារមកដល់អ៊ីតាលី កាលពីយប់មិញតាមជើងហោះហើរផ្ទាល់ខ្លួន

ទីបំផុត! កំពូលកីឡាករលំដាប់ពិភពលោក  Cristiano Ronaldo បានធ្វើដំណើរជាមួយគ្រួសារចាកចេញពីប្រទេសកំណើតព័រទុយហ្គាល់ មកដល់ប្រទេសអ៊ីតាលីសាជាថ្មី ក្រោយពីចាកចេញអស់រយៈពេលជាង ២ខែកន្លងមកដោយសារការរាតត្បាតនៃជំងឺ COVID-19 ។

តាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើនក្នុងប្រទេសអ៊ីតាលី បង្ហាញថាម្ចាស់ពាន Ballon d’Or ៥សម័យកាលខាងលើ បាននាំគ្រួសារធ្វើដំណើរតាមជើងហោះហើរឯកជនផ្ទាល់ខ្លួន ដោយចាកចេញពីតំបន់ Madeira មកដល់អាកាសយានដ្ឋាន Turin Airport ក្នុងម៉ោង ១០ៈ២០យប់ ពីម្សិលមិញនេះ ត្រូវនឹងម៉ោង ៣ៈ២០នាទីព្រលឹម (គិតម៉ោងនៅកម្ពុជា) ។

ការវិលត្រឡប់មកវិញនេះ គឺធ្វើឡើងតាមការកោះហៅពីសំណាក់ក្លិបសេះបង្កង់ Juventus ដើម្បីត្រៀមខ្លួនឲ្យកីឡាករគ្រប់រូប ប្រមូលផ្តុំចូលជំរុំហ្វឹកហាត់ឡើងវិញ។

គួរបញ្ជាក់ផងថា មិនមែនតែ Cristiano Ronaldo ឡើយ ក្លិបក៏បានធ្វើការកោះហៅកីឡាករ ៩រូបផ្សេងទៀតដែលកំពុងស្នាក់នៅក្រៅប្រទេសអ៊ីតាលី ឲ្យវិលមកវិញទាំងអស់ ស្របពេលរដ្ឋាភិបាលអ៊ីតាលីបានបើកភ្លើងខៀវអនុញ្ញាតិឲ្យក្លិបអាចប្រមូលផ្តុំកីឡាករហ្វឹកហាត់។

យ៉ាងណាក្តី! ក្លិបពុំទាន់បានកំណត់កាលវិភាគហ្វឹកហាត់ក្នុងជំរុំប្រមូលផ្តុំគ្នាចំថ្ងៃណានៅឡើយទេ ប៉ុន្តែបច្ចុប្បន្នភាពតម្រូវឲ្យកីឡាករដែលធ្វើដំណើរពីក្រៅប្រទេស រួមទាំងម្ចាស់អាវលេខ ៧ ខាងលើត្រូវឃុំខ្លួននៅក្នុងគេហដ្ឋានរៀងៗ ខ្លួនរយៈពេល ២សប្តាហ៍យ៉ាងតិច ដើម្បីស្វែងរកមានផ្ទុកជំងឺ COVID-19 ឬក៏អត់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628