បាល់ទាត់

FIFA បើកការស៊ើបអង្កេតករណីផ្ទេរ Bruno Fernandes តាមពាក្យបណ្តឹងក្លិប Sampdoria

អតីតក្លិបរបស់កីឡាករ Bruno Fernandez ពោលគឺ Sporting CP អាចប្រឈមនឹងការដាក់ពិន័យរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្រោយពីមានការដាក់ពាក្យបណ្តឹងពីក្លិប UC Sampdoria លើករណីផ្ទេរកីឡាកររូបនេះទៅកាន់ក្លិប Manchester United កាលពីខែមករា ដើមឆ្នាំ២០២០ កន្លងទៅ។

យោងតាមការចុះផ្សាយ ក្លិបអ៊ីតាលី UC Sampdoria បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីទាមទារនូវប្រាក់ចំណែកចំនួន ៤.៧លានផោនពីក្លិប Sporting CP ដែលធ្វើការលក់កីឡាករខ្សែបម្រើវ័យ ២៥ឆ្នាំខាងលើទៅកាន់ក្លិប Manchester United កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

យោងទៅតាមហេតុផលនៃកិច្ចសន្យាដើមឡើយគ្រាដែល Sporting CP បានទិញយក Bruno Fernandes ពីក្លិប UC Sampdoria កាលពីឆ្នាំ២០១៧ ជាមួយតម្លៃខ្លួនឆ្នាំនោះតែ ៧.៥លានផោន និងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ តែក្នុងលក្ខខណ្ឌនៃកិច្ចសន្យានោះបានបញ្ជាក់ថា ក្នុងករណី ៥ឆ្នាំនេះបើក្លិប Sporting CP ធ្វើការលក់សញ្ជាតិព័រទុយហ្គាល់ទៅកាន់ក្លិបណាមួយផ្សេងទៀត ត្រូវបង់ចំនួននៃការផ្ទេរនោះ ១០% មកកាន់ក្លិប UC Sampdoria ។

ខណៈក្លិបបិសាចក្រហម Manchester United បានចរចារទិញយក Bruno Fernandes ជាមួយតម្លៃខ្លួន ៤៧លានផោន ដូច្នេះហើយតម្រូវឲ្យ Sporting CP ត្រូវបង់ប្រាក់ ១០% ឬស្មើរ ៤.៧លានផោនទៅកាន់ក្លិបដើម UC Sampdoria តែខាងក្លិបអ៊ីតាលីនេះអះអាងថា ពុំទាន់ទទួលបានថវិកានេះនៅឡើយ ជាមូលហេតុធ្វើការដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឲ្យជួយដោះស្រាយ៕

ចំពោះចំណាត់ការបន្ត ឬដោះស្រាយយ៉ាងណានោះ មានតែប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា?

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628