បាល់ទាត់

Courtois ថា Barcelona មិនសក្តិសមបានជើងឯក La Liga បើលីគត្រូវលុបចោលពិតមែន

អ្នកចាំទីនៃក្លិបអធិរាជស Real Madrid ពោលគឺ Thibaut Courtois បានបញ្ចេញមតិផ្ទាល់ខ្លួនអះអាងថាក្លិបគូប្រជែង FC Barcelona មិនសក្តិសមនឹងទទួលបានជើងឯកលីគកំពូលអេស្ប៉ាញដោយស្វ័យប្រវត្តិនោះឡើយ បើលីគក្នុងរដូវកាលនេះពិតជាត្រូវលុបចោលពិតមែនដោយសារជំងឺរាតត្បាត COVID-19 ។

ដោយសារការរាតត្បាតនៃជំងឺ COVID-19 ទល់ពេលនេះដ្បិតអេស្ប៉ាញ បានចាប់ផ្តើមអនុញ្ញាតិឲ្យក្លិបនីមួយៗ អាចកោះហៅកីឡាករមកជំរុំហ្វឹកហាត់ជាបន្តើរៗ ក៏ដោយក្តី ប៉ុន្តែសម្រាប់ដំណឹងពីការវិលត្រឡប់មកដំណើរការលីគវិញហាក់ដូចជាស្ងប់ស្ងាត់ និងពុំទាន់ប្រាកដនៅឡើយ។ ដោយឡែកពាក្យចចាមអារ៉ាមមួយចំនួន ក៏បានលើកឡើងដោយអះអាងថាលីគកំពូលអេស្ប៉ាញ អាចនឹងត្រូវលុបចោលទៀតផង។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិកវ័យ ២៧ឆ្នាំខាងលើបានលើកឡើងជាមតិផ្ទាល់ខ្លួនថាៈ

៉ ពួកយើង (Real Madrid) គឺចាញ់តែ ២ពិន្ទុប៉ុណ្ណោះពីក្រោម FC Barcelona ប្រសិនបើលីគត្រូវបានលុបចោលពិតមែន ហើយត្រូវផ្តល់តំណែងជើងឯកដល់ FC Barcelona នោះគឺវាជារឿងអយុត្តិធម៌។ ពួកយើងបានប្រកួតស្មើរ ១ជើង និងឈ្នះពួកគេ ១ជើង ក្នុងរដូវកាលនេះ ដូច្នេះពួកយើងគឺធ្វើបានល្អជាងពួកគេ។ សម្រាប់ករណី Liverpool នៅអង់គ្លេស វាជារឿងមួយផ្សេង ពីព្រោះពួកគេមានពិន្ទុនាំមុខគេទៅហើយ។  ៉ 

គួរបញ្ជាក់ថា ក្របខណ្ឌលីគកំពូលអេស្ប៉ាញ (La Liga) រដូវកាល២០១៩/២០២០ បានដំណើរការដល់សប្តាហ៍ទី២៧  និងបច្ចុប្បន្នកំពុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈក្លិបយក្សតំបន់កាតាឡូញ៉ា FC Barcelona កំពុងកាន់កាប់កំពូលតារាង ដោយមាន ៥៨ពិន្ទុ លើសពីក្លិបគូប្រជែងធំ Real Madrid ដែលមាន ៥៦ពិន្ទុ តាមប្រកៀកប្រកិតគ្នា។

គិតមកទល់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសអេស្ប៉ាញ បានឈរលេខរៀងទី ២ មានអ្នកផ្ទុកជំងឺ COVID-19 ច្រើនជាងគេទូទាំងពិភពលោក ដោយមានសរុបប្រមាណជាង ២៥មុឺននាក់ និងអ្នកស្លាប់មានជាង ២.៥មុឺននាក់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628