បាល់ទាត់

មកស្គាល់អតីតកីឡាករ Buriram United ៤រូប កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី

ក្លិបសមាជិកលីគកំពូលម៉ាឡេស៊ី (CIMB Malaysia Super League) ក្នុងរដូវកាល២០២០ នេះហាក់ដូចជាទាក់ទាញនូវកីឡាករមកពីលីគថៃគួរឲ្យកត់សម្គាល់ ខណៈក្នុងនោះមានកីឡាករដល់ទៅ ៤រូបធ្លាប់ជាអតីតកីឡាកររបស់ក្លិបយក្សថៃ Buriram United ផងដែរ។

ក្នុងពេលនេះក្រុមការងារ VEHA Media នឹងណែនាំ ឬរំលឹកឲ្យប្រិយមិត្តបានស្គាល់កីឡាករទាំង ៤រូបៈ

 

១. Naruphon Putsorn – អាយុ ៣១ឆ្នាំ – ខ្សែការពារកណ្តាល – Melaka United 

Naruphon Putsorn ជាកីឡាករកូនកាត់ថៃ-អង់គ្លេស និងធ្លាប់មានបទពិសោធន៍លេងនៅលីគអង់គ្លេស លីគកម្រិតក្រោមៗ និងលីគហូឡង់រួមផង មុនធ្វើដំណើរមកលេងនៅទឹកដីថៃលើកដំបូងកាលពីឆ្នាំ២០១៣ ។ ក្នុងឆ្នាំ២០១៧ រូបគេបានលេងឲ្យក្លិប Buriram United និងរួមចំណែកជួយគ្រងជើងឯកលីគកំពូលថៃឆ្នាំនោះផងដែរ។ ចុងក្រោយឆ្នាំកន្លងទៅបានរួមរស់ជាមួយក្លិប Nakhon Ratchasima មុនឈានជើងមកលេងនៅលីគកំពូលម៉ាឡេស៊ីជាមួយក្លិប Melaka United ក្នុងឆ្នាំនេះ។

 

២. Dennis Buschening – អាយុ ២៩ឆ្នាំ – ខ្សែប្រយុទ្ធ – Sabah FA 

Dennis Buschening ជាកីឡាករកូនកាត់ថៃ-អាល្លឺម៉ង់ និងមានប្រវត្តិបណ្តុះបណ្តាលជាមួយយុវជនថ្នាល់ក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ។ បានផ្តើមអាជីពឈុតធំដំបូងក្នុងឆ្នាំ២០១០ និងបានផ្ទេរមកចូលរួមជាមួយ Buriram United ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ២រដូវកាល។ ដោយពុំសូវទទួលបានឳកាសបង្ហាញសមត្ថភាព កីឡាកររូបនេះតែងតែផ្លាស់ទៅលេងនៅអាល្លឺម៉ង់ ជាមួយក្លិបលីគកម្រិតក្រោមៗ និងផ្លាស់មកលេងនៅថៃ ជាញឹកញាប់ និងចុងក្រោយក្នុងរដូវកាលនេះបានចូលរួមជាមួយក្លិបម៉ាឡេស៊ី Sabah FA ។

 

៣. Anawin Jujeen – អាយុ ៣៣ឆ្នាំ – ខ្សែការពារស្លាបស្តាំ – Petaling Jaya City FC

Anawin Jujeen ជាកីឡាករសញ្ជាតិថៃតែម្តងដែលបានរួមរស់ជាមួយ Buriram United ៣រដូវកាល និងជួយឲ្យគ្រងតំណែងជើងឯកកំពូលថៃ ៣សម័យកាលជាប់គ្នា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ។ ក្រៅពីនេះកីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្លិបដល់ទៅ ១១០លើក ព្រមទាំងរួមចំណែកឈ្នះពានជាច្រើនទៀតដូចជា Thai FA Cup ២សម័យកាល , Thai League Cup ២សម័យកាល , ពានបើករដូវកាល ២លើក និង Toyota Mekong Club Championship ២សម័យកាលទៀតផង។ បច្ចុប្បន្នក្នុងឆ្នាំនេះ រូបគេទើបតែឈានជើងលេងក្រៅប្រទេសលើកដំបូងដោយចូលរួមជាមួយក្លិបទើបឡើងមកលីគកំពូលម៉ាឡេស៊ីថ្មី Petaling Jaya City FC ។

 

៤. Diogo Luis Santo – អាយុ ៣២ឆ្នាំ – ខ្សែប្រយុទ្ធ – Johor Darul Ta’zim FC 

ប្រិយមិត្តប្រាកដជាស្គាល់កីឡាកររូបនេះច្បាស់ជាងគេ ដ្បិត Diogo Luis Santo ជាកីឡាករសញ្ជាតិប្រេស៊ីល និងធ្លាប់លេងឲ្យ Buriram United ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ។ ចំណាយពេល ៤រដូវកាលមកនេះ បានបង្ហាញខ្លួនសរុបដល៉ទៅ ១៥៤លើក រកបាន ១៣២គ្រាប់ ត្រូវអ្នកគាំទ្រចាត់ទុកជាវីៈបុរសក្លិបផងដែរ។ រូបគេក៏បានរួមចំណែកឲ្យក្លិបយក្សថៃនេះ ទទួលបានពានរង្វាន់ផ្លូវការសរុបដល់ទៅ ១១ពានរង្វាន់។ ក្នុងរដូវកាល២០១៩ ក៏បានផ្ទេរមកចូលរួមជាមួយក្លិបល្បីឈ្មោះម៉ាឡេស៊ី Johor Darul Ta’zim FC ខណៈរដូវកាលដំបូង (ឆ្នាំមុន) បានជួយឲ្យក្លិបនេះឈ្នះទាំងពានលីគកំពូលម៉ាឡេស៊ី និងពានខាប់ម៉ាឡេស៊ី ទៀតផង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628