បាល់ទាត់

COVID-19 មួយរយៈនេះបណ្តាលឲ្យ Barcelona ខាតបង់ថវិកាសរុបជាង ១២០លានផោន

ដោយសារជំងឺរាតត្បាតសកល COVID-19 បានបណ្តាលឲ្យសេដ្ឋកិច្ចជុំវិញពិភពលោកមានការជួបបញ្ហា រួមទាំងក្លិបបាល់ទាត់អាជីពធំៗ ទូទាំងពិភពលោកក៏ខាតបង់ដូចគ្នាផងដែរ។ ជាក់ស្តែង សម្រាប់ក្លិបយក្សអេស្ប៉ាញ FC Barcelona ក៏បានបាត់បង់ចំណូលថវិកាខ្លួនដល់ទៅជាង ១២០លានផោន ក្នុងរដូវកាលជំងឺខាងលើកើតឡើង។ នេះបើតាមការលើកឡើងរបស់អនុប្រធានក្លិប។

តាមការលើកឡើងរបស់លោក Jordi Cardoner មាននាទីជាអនុប្រធានក្លិប FC Barcelona ផ្ទាល់ បានឲ្យដឹងថាក្លិបទាំងមូលក្នុងរយៈពេលខ្លីនៃរដូវកាលជំងឺ COVID-19 បានខាតបង់ថវិកាសរុបដល់បច្ចុប្បន្នជាង ១២០លានផោន ដោយក្នុងនោះមកពីកត្តាចរន្តប្រាក់ ៤យ៉ាងដូចជាៈ

ទី១. សំបុត្រចូលរួមទស្សនាកីឡដ្ឋានពីអ្នកគាំទ្រ និងសារមន្ទីររបស់ក្លិបពីភ្ញៀវទេសចរណ៍ – បាត់ចំណូលប្រមាណ ៤៤លានផោន
ទី២. សិទ្ធិផ្សព្វផ្សាយនានា សម្រាប់ការប្រកួត – បាត់ចំណូលប្រមាណ ៣៤លានផោន
ទី៣. ការលក់សម្ភារៈក្លិប និងសាលាបណ្តុះបណ្តាលយុវជន – បាត់ចំណូលប្រមាណ ២០លានផោន
ទី៤. ការផ្តល់ប្រាក់ខែបុគ្គលិកសរុបជាង ៥០០នាក់ (គិតទាំងបុគ្គលអចិន្រ្តៃយ៍ និងមិនអចិន្ត្រៃយ៍) តាមគោលការណ៍រដ្ឋាភិបាលអេស្ប៉ាញ – ចំណាយប្រមាណ ២៣លានផោន។

ដើម្បីចូលរួមទប់ស្កាត់បញ្ហាខាងលើនេះ ក្លិបក៏បានបំបែកវិន័យកំណត់ត្រាក្លិបចាប់តាំងពីបង្កើតក្លិបមកពោលដោយបានដាក់លក់សិទ្ធិប្រើប្រាស់ឈ្មោះលើកីឡដ្ឋាន Camp Nou របស់ពួកគេសម្រាប់រដូវកាលក្រោយទៀតផង ដើម្បីស្វែងរកថវិកាមួយចំនូនទប់ទល់នឹងការចំណាយលើសលប់នេះផង។ មិនត្រឹមតែប៉ុណ្ណោះ ការបាត់ចំណូលដូចរៀបរាប់ខាងលើ ក៏អាចជះឥទ្ធិពលដល់ការចាយវាយទិញដូរកីឡាករសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងនារដូវកាលបន្ទាប់ ២០២០/២០២១ ដូចគ្នា។

បច្ចុប្បន្នភាព! រដ្ឋាភិបាលអេស្ប៉ាញ បានអនុញ្ញាតិឲ្យបណ្តាក្លិបក្នុងលីគកំពូលអេស្ប៉ាញអាចកោះហៅកីឡាករប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរុំបានវិញហើយ ប៉ុន្តែចំពោះព័ត៌មានផ្លូវការពីការវិលត្រឡប់មកប្រកួតប្រជែងលីគបន្តវិញនោះ ហាក់ដូចជាស្ងប់ស្ងាត់នៅឡើយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628