បាល់ទាត់

គ្រូវៀតណាមម្នាក់ថា វៀតណាមគួរបញ្ចូនត្រឹមឈុត U21 ឬ U23 ទៅចូលរួម AFF Suzuki Cup ឆ្នាំនេះ

លោក Vu Tien Thanh គ្រូបង្គោលនៃក្លិប CLB Sai Gon FC ដែលជាសមាជិកនៃលីគកំពូលវៀតណាម បានបញ្ចេញទស្សនៈរបស់លោក ដោយផ្តល់ជាយោបល់ដល់សហព័ន្ធបាល់ទាត់វៀតណាម គួរបញ្ជូនត្រឹមឈុត U21 ឬ U23 ទៅការពារតំណែងជើងឯក AFF Suzuki Cup ឆ្នាំនេះ ដោយអះអាងថាទុកពេលវេលាឲ្យជម្រើសជាតិឈុតធំផ្តោតលើដំណើរជម្រុះ FIFA World Cup វិញ។

ដោយសារតែបាល់ទាត់វៀតណាម ក៏ដូចជាបណ្តាប្រទេសនានាជុំវិញពិភពលោកកំពុងត្រូវបានសម្រាកដោយសារតែជំងឺរាតត្បាតសកល COVID-19 លោក Vu Tien Thanh បានសម្តែងការព្រួយបារម្ភចំពោះកីឡាករដែលអាចមមាញឹកពេលសកម្មភាពបាល់ទាត់វិលត្រឡប់មកវិញ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតវៀតណាម VNExpress គ្រូបង្វឹកដែលជួយឲ្យ CLB Sai Gon FC ឈរលេខរៀងទី៥ នៃតារាងលីគកំពូលវៀតណាមឆ្នាំទៅមិញ ខាងលើបានលើកឡើងជាយោបល់ជាច្រើនដូចខាងក្រោមៈ

៉ ប្រសិនបើសហព័ន្ធ (VFF) កំណត់ឲ្យបញ្ចប់លីគកំពូលវៀតណាមមុនដំណាច់ខែតុលា នោះវានឹងធ្វើឲ្យកីឡាករគ្រប់ក្លិបមានការមមាញឹក។ លីគកំពូលវៀតណាមនៅសល់ ២៤ប្រកួតទៀត ហើយក្លិបមួយចំនួនត្រូវប្រឹងប្រែងប្រជែងគ្នានៅក្នុងពានរង្វាន់ខាប់ដោយយ៉ាងហោចណាស់បើឡើងដល់វគ្គផ្តាច់ព្រ័ត្រ ត្រូវរ៉ាប់រងចំនួន ៧ប្រកួតបន្ថែមទៀត។ ដូច្នេះខ្ញុំគិតថាពួកយើងគួរផ្តោតទៅលើដំណើរជម្រុះ FIFA World Cup ឆ្នាំ២០២២ ឯណោះវិញ។ ខណៈពួកយើងត្រូវប្រឈមនឹងការលេង ២ពានរង្វាន់ក្នុងពេលតែមួយ។ 

សម្រាប់គំនិតខ្ញុំ ពួកយើង (ជម្រើសជាតិវៀតណាម) គួរផ្តោតធ្វើយ៉ាងណាត្រូវឈរក្នុងកំពូលតារាងពូល G នៃវគ្គជម្រុះវើលខាប់ដែលមានន័យថាពួកយើងគឺអាចកក់កៅអីលេង AFC Cup ឆ្នាំ២០២៣ រួចរាល់ និងមានឳកាសកាន់តែខ្ពស់ក្នុងការដណ្តើមកៅអីទៅលេង FIFA World Cup ឆ្នាំ២០២២ ដូចគ្នា។ ឯសម្រាប់ពានរង្វាន់ AFF Cup (AFF Suzuki Cup) ដោយសារតែការរាំងស្ទះដោយជំងឺ COVID-19 ខ្ញុំផ្តល់យោបល់ឲ្យសហព័ន្ធបញ្ជូនឈុត U21 ឬ U23 ទៅចូលរួម។ ទាំងនេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា។  ៉ 

គួរបញ្ជាក់ថា ជម្រើសជាតិវៀតណាម គឺជាក្រុមការពារតំណែងជើងឯកនៃពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ពីឆ្នាំ២០១៨ កន្លងទៅ។ យ៉ាងណា! ខាងលើគឺគ្រាន់តែជាគំនិតរបស់លោក Vu Tien Thanh ផ្ទាល់ផ្តល៉ទៅកាន់សហព័ន្ធបាល់ទាត់វៀតណាម (VFF) ប៉ុណ្ណោះ ចំពោះវិធានការរបៀបម្តេចនោះ មានតែប្រិយមិត្តរង់ចាំសង្កេតមើលទាំងអស់គ្នា។

កន្លងមក សមាគមបាល់ទាត់ថៃ (FAT) ក៏ធ្លាប់ត្រូវបានសារព័ត៌មានថៃចុះផ្សាយថា គ្រោងនឹងបញ្ចូនឈុតតូចនៃក្រុមជម្រើសជាតិពួកគេចូលរួមដូចគ្នា ដោយសារតែការពន្យារពេលប្រកួតបាល់ទាត់ក្របខណ្ឌជាតិ ព្រោះជំងឺ COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628