បាល់ទាត់

កីឡាករបរទេសទាំង៦រូបនៅ Muangthong កក់ក្តៅចិត្ត ព្រោះក្លិបគ្មានវិធានការផ្តាច់កុងត្រាឡើយ

ស្របពេលដែលបណ្តាក្លិបជាច្រើននៅលីគកំពូលថៃ (Thai League 1) បានចាប់ផ្តើមចេញវិធានការជម្រុះកីឡាករមួយចំនួនរបស់ពួកគេចេញ ជាពិសេសកីឡាករបរទេសតែម្តងតាមរយៈការផ្តាច់កិច្ចសន្យាព្រោះក្លិបទាំងនោះកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺសកល COVID-19 ។ តែសម្រាប់ក្លិប Muangthong United បែរជាប្រកាសអាចគេចផុតពីវិបត្តិសេដ្ឋកិច្ច ដោយធានារកៅអីកីឡាករបរទេសទាំង ៦រូបក្នុងក្លិបរដូវកាលនេះអាចបន្តស្នាក់នៅរហូតដល់ដាច់រដូវកាល។

លីគកំពូលថៃរដូវកាល២០២០ អាចនឹងវិលត្រឡប់មកវិញនាកំឡុងខែកញ្ញា ខាងមុខ ដោយអាចធ្វើការប្រកួតឆ្លងទៅដល់ឆ្នាំ២០២១ ឯណោះ។ ចំពោះមូលហេតុនេះបានរុញច្រានឲ្យក្លិបជាច្រើនបានប្រកាសផ្តាច់កិច្ចសន្យាជាមួយកីឡាករ និងជាពិសេសកីឡាករបរទេសតែម្តង ដើម្បីកាត់បន្ថយការចំណាយរបស់ក្លិប។

ក្នុងនោះជាក់ស្តែងដូចជាក្លិប Sukhothai FC បានប្រកាសផ្តាច់កិច្ចសន្យាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ា Kyaw Ko Ko និងខ្សែការពារថៃ Suttinun Phukhom ។ ក្លិបយក្សល្បីល្បាញរបស់ថៃ Buriram United បានបញ្ចប់កិច្ចសន្យាកីឡាករបរទេសខ្លួនដល់ទៅ ២រូបរួមមាន Jung Jae-Yong (កូរ៉េខាងត្បូង) និង Andres Tunez (វេណេហ្ស៊ុយអេឡា) ។ ក្លិប Chonburi FC ក៏ដូចគ្នាដោយបានបញ្ចប់កិច្ចសន្យាកីឡាករសញ្ជាតិម៉ុងតេណេហ្គោ Dragan Boskovic ព្រោះមិនយល់ព្រមកាត់ប្រាក់ឈ្នួលពាក់កណ្តាល និងក្លិបមួយចំនួនផ្សេងទៀត។ល។

ក្រឡេកមកមើលក្លិប Muangthong United នេះវិញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រខ្លួន បានប្រកាសថាក្លិបអាចមានលទ្ធភាពទប់ទល់សេដ្ឋកិច្ចក្លិបបានជោគជ័យ ដូច្នេះមិនចាំបាច់អនុវត្តន៍វិធានការផ្តាច់កិច្ចសន្យាចំពោះកីឡាកររូបណាឡើយ បើពុំមានករណីខុសឆ្គងអ្វីនោះ ជាពិសេសកីឡាករបរទេសទាំង ៦រូបរបស់ខ្លួនក្នុងរដូវកាលនេះតែម្តង។ ប៉ុន្តែទោះយ៉ាងណា ក្លិបបានស្នើសុំឲ្យកីឡាករគ្រប់រូបក្នុងឈុតធំ យល់ព្រមកាត់ប្រាក់ឈ្នួលចំនួន ៥០% ដើម្បីរួមចំណែកទប់ទល់សេដ្ឋកិច្ចក្លិប កំឡុងសម័យកាល COVID-19 នេះ។

គួរឲ្យដឹងថា ក្នុងរដូវកាល២០២០ ក្លិបម្ចាស់ជើងឯកលីគកំពូលថៃ ៤សម័យកាលខាងលើមានកីឡាករបរទេស ៦រូបដូចជា កីឡាករប្រេស៊ីល ៣រូប Lucas Rocha, Derley និង Willian Popp , កីឡាករអូប៊េគីស្ថាន  Sardor Mirzaev , កីឡាករហ្វីលីពីនកាត់ជប៉ុន Daisuke Sato និងអ្នកចាំទីវៀតណាមកាត់រុស្សី Dang Van Lam 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628