បាល់ទាត់

ម៉ាឡេស៊ី ត្រៀមទទួលកីឡាករលេងនៅបរទេស ២រូបទៀតចូលក្រុមជម្រើសជាតិ

កីឡាករបរទេសចំនួន ២រូបដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសម៉ាឡេស៊ី ប៉ុន្តែកំពុងទាក់ទងជាមួយខាងសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ដើម្បីសុំសិទ្ធិចូលលេងឲ្យក្រុមជម្រើសជាតិនាពេលឆាប់ៗ ខាងមុខ។ កីឡាករទាំងរូបនេះ បានអះអាងថាខ្លួនមានជាប់សាច់ឈាមជនជាតិម៉ាឡេស៊ី ដ្បិតសព្វថ្ងៃកាន់សញ្ជាតិដទៃក៏ដោយ។

ជាដំបូង ណែនាំប្រិយមិត្តឲ្យស្គាល់កីឡាករទី១ គឺ Marcel Kalonda ដែលលេងក្នុងតំណែងខ្សែការពារកណ្តាល បច្ចុប្បន្នភាពទើបមានអាយុ ២២ឆ្នាំប៉ុណ្ណោះ កំពុងប្រកបអាជីពនៅលីគកំពូលហ្ស៊ីមបាវេ (ទ្វីបអាហ្រ្វិក) ។ កីឡាករមានកម្ពស់ដល់ ១.៨៨ម៉ែត្ររូបនេះ បានកើតនៅទីក្រុង Kolwezi ប្រទេសកុងហ្គោ ហើយរូបគេក៏កំពុងកាន់សញ្ជាតិកុងហ្គោដូចគ្នា។ តែពីកុមារភាពធ្លាប់មករស់នៅប្រទេសម៉ាឡេស៊ី មួយរយៈដោយស្នាក់នៅជាមួយជីតា។

ចំពោះកីឡាករទី២ គឺ Harry Edge ដែលលេងក្នុងតំណែងខ្សែបម្រើការពារ មានកម្ពស់ដល់ទៅ ១.៩២ម៉ែត្រ និងមានអាយុ ២៦ឆ្នាំ។ កីឡាកររូបនេះបានកាន់សញ្ជាតិណូវែហ្សេឡង់ តែមានឪពុកជាជនជាតិម៉ាឡេស៊ី។ ដ្បិតមិនដែលធ្វើដំណើរមកលេងនៅម៉ាឡេស៊ី តែរូបគេមានប្រវត្តិលេងនៅក្លិបជាច្រើននៅលីគកំពូលណូវែហ្សេឡង់ លីគកំពូលអាហ្វ្រិកខាងត្បូង ក្លិបនៅលីគហូឡង់ និងបច្ចុប្បន្នកំពុងលេងនៅលីគស៊ុយអែត នាតំបន់អឺរ៉ុប។

យ៉ាងណា! មកទល់ពេលនេះកីឡាករទាំងទ្វេខាងលើកំពុងស្ថិតនៅក្នុងដំណាក់ការរៀបចំឯកសារជាមួយសមាគមបាល់់ទាត់ម៉ាឡេស៊ី (FAM) ដើម្បីបន្តនីតិវិធីទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីសម្រេចជាចុងក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628