បាល់ទាត់

ចិនៈ គ្រប់ក្លិបចាប់អនុវត្តន៍កាត់ប្រាក់ខែកីឡាករពី ៣០% ទៅ ៥០% កំឡុងវិបត្តិ COVID-19

ដើម្បីចូលរួមទប់ស្កាត់នូវវិបត្តិសកលដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 សមាគមបាល់ទាត់ចិន (CFA) បានចេញសេចក្តីប្រកាសឲ្យគ្រប់ក្លិបអាជីពទាំងអស់ក្នុងប្រទេសខ្លួន ចាប់ផ្តើមអនុវត្តន៍ការកាត់ប្រាក់ខែកីឡាកររៀងៗ ខ្លួនចន្លោះពី ៣០% ទៅ ៥០% តាមលទ្ធភាពដែលអាចធ្វើបានតាមក្លិបនីមួយៗ ។

ដ្បិតពុំទាន់មានការបញ្ជាក់ពីពេលវេលាត្រូវវិលត្រឡប់មកវិញនៃលីគកំពូលចិនប្រាកដក៏ដោយក្តី ប៉ុន្តែក្លិបចិនជាច្រើនបានកោះហៅកីឡាករ ប្រមូលផ្តុំចូលក្នុងជំរុំហ្វឹកហាត់វិញជាបន្តបន្ទាប់។ ដោយសារមូលហេតុនេះ ខាងស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ចិនខាងលើ (CFA) បានសម្រេចចេញវិធានការឲ្យគ្រប់ក្លិបអនុវត្តន៍ការកាត់ប្រាក់ឈ្នួលប្រចាំខែចំពោះក្រុមគ្រូបង្វឹក កីឡាករ តាមក្លិបរៀងៗ ខ្លួនចន្លោះពី ៣០% ទៅ ៥០% ដើម្បីជួយសម្រួល ឬទប់ស្កាត់ការចំណាយរបស់ក្លិប។

កាលពីថ្ងៃសុក្រ ម្សិលមិញនេះប្រទេសចិនក៏បានបង្ហាញឲ្យដឹងថាបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ឡើងវិញនៅក្នុងតំបន់ភាគខាងជើងប្រទេស ដែលមានចំនួនដល់ទៅ ១៦នាក់។

សរុបមកទល់សព្វថ្ងៃ ប្រទេសមហាយក្សតំបន់អាស៊ីខាងកើតមួយនេះមានអ្នកផ្ទុកជំងឺ COVID-19 សរុបជាង ៨.២មុឺននាក់ ដោយមានអ្នកស្លាប់ជាង ៤ពាន់នាក់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628