បាល់ទាត់

វីរៈបុរសអ៊ីតាលីម្នាក់ថា Maradona ជាកីឡាករល្អបំផុតគ្រប់សម័យកាល មិនមែន Messi នោះទេ

អតីតកីឡាករជួយក្រុមជម្រើសជាតិអ៊ីតាលីគ្រងជើងឯក FIFA World Cup ឆ្នាំ២០០៦ លោក Fabio Cannavaro បានបញ្ចេញទស្សនៈថា អតីតកីឡាករ Diego Maradona គឺជាកីឡាករល្អបំផុតគ្រប់សម័យកាល (GOAT) តែមិនមែនជាម្ចាស់ពាន Ballon d’Or ៦សម័យកាល Lionel Messi ឡើយ។

គួរឲ្យដឹងថាអតីតកីឡាករ និងកីឡាករសញ្ជាតិអាហ្សង់ទីនទាំងពីររូបខាងលើ ត្រូវបានអ្នកគាំទ្រទូទាំងពិភពលោកឲ្យតម្លៃ និងមិនទទួលស្គាល់មិនបានថាជាកីឡាករដែលធ្លាប់បង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងពិភពបាល់ទាត់។

យ៉ាងណាសម្រាប់លោក Fabio Cannavaro ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាគ្រូបង្គោលនៃក្លិប Guangzhou Evergrande នៃលីគកំពូលចិន បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sports ថាៈ

៉ ខ្ញុំគោរព Lionel Messi ជាខ្លាំង។ សម្រាប់កីឡាករជំនាន់ថ្មីនេះ ខ្ញុំគិតថា Lionel Messi គឺជាកីឡាករល្អបំផុត ប៉ុន្តែលោក Diego Maradona គឺខុសគ្នា ពីព្រោះគាត់ក៏ស្ថិតនៅក្នុងសម័យកាលបាល់ទាត់ខុសពីបច្ចុប្បន្ន​។ Lionel Messi គឺជាកីឡាករកំពូលមួយរូប ប៉ុន្តែ Diego Maradona គឺជាកីឡាករមកពីភពផ្សេង។ ខ្ញុំមិនដែលបានមើលការលេងរបស់លោក Pele នោះទេ ប៉ុន្តែខ្ញុំធ្លាប់មើលលោក Diego Maradona លេងអស់រយៈពេល ៧ឆ្នាំ។ គាត់មិនត្រឹមតែជាកីឡាករល្អម្នាក់ក្នុងចំណោមកីឡាករល្អនោះទេ តែគាត់គឺជាកីឡាករល្អបំផុតគ្រប់សម័យកាល។  ៉ 

រំលឹកទៅអតីតកាលបន្តិចវិញ Diego Maradona ធ្លាប់លេងឲ្យ FC Barcelona និងជួយឲ្យបានពានរង្វាន់៣ ដូចជា Copa del Rey , Copa de la Liga និង Supercopa de Espana ។ ក្រោយមករូបគាត់ក៏បានចាកចេញទៅលេងនៅក្លិបអ៊ីតាលី Napoli ក៏បានបន្តកសាងស្នាដៃនៅទីនោះឈ្នះពានលីគកំពូល ២សម័យកាល និងធ្លាប់ឈ្នះ UEFA Cup (UEFA Europa League សព្វថ្ងៃ) ព្រមទាំង Coppa Italia និង Supercoppa Italiana ផងដែរ។ ក្នុងក្រុមជម្រើសជាតិវិញ បុរសវ័យ ៥៩ឆ្នាំខាងលើធ្លាប់បានជួយ អាហ្សង់ទីន គ្រងដំណែងជើងឯក FIFA World Cup ឆ្នាំ១៩៨៦។

ក្រឡេកមើល Lionel Messi ដែលបានបង្ហាញខ្លួនជាមួយ FC Barcelona តាំងពីតូចដល់ពេលនេះបានឈ្នះពានលីគកំពូលអេស្ប៉ាញ ១០សម័យកាល ពាន UEFA Champions League ៤សម័យកាល រួមទាំងពានក្លិប និងពានឯកត្តជនជាច្រើនទៀតរាប់ស្ទើរមិនអស់ ប៉ុន្តែរូបគាត់ហាក់ដូចជាពុំសូវបានកាក់កប់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628