បាល់ទាត់

កីឡាករ២រូបក្នុងបញ្ជីលក់ចេញរបស់ Real Madrid ស្ថិតក្នុងចំណាប់អារម្មណ៍របស់ Beckham

ម្ចាស់ភាគហ៊ុនក្លិបលីគកំពូលសហរដ្ឋអាមេរិក Inter Miami លោក David Beckham ត្រូវបានរាយការណ៍ថាកំពុងសម្លឹងឃើញកីឡាករ ២រូបដែលលោក Zinedine Zidane ដាក់ក្នុងបញ្ជីលក់ចេញក្រោយបញ្ជប់រដូវកាលនេះនៃក្លិបអេស្ប៉ាញ Real Madrid ។

ក្រោយកំពុងស្ថិតនៅក្នុងដំណាក់កាលផ្អាកការប្រកួតបាល់ទាត់ដោយសារជំងឺរាតត្បាតសកល COVID-19 លោក David Beckham មួយរយៈនេះហាក់ដូចជាកំពុងតាមប្រម៉ាញ់កីឡាករនាតំបន់អឺរ៉ុប ក្នុងគោលបំណងនាំទៅចូលរួមក្លិបខ្លួន ពេលសកម្មភាពបាល់ទាត់វិលមកវិញ។

យោងទៅតាមការសែតអេស្ប៉ាញ Football Espana បានចេញផ្សាយអត្ថបទមួយបង្ហាញថា ពេលនេះបន្ទាប់ពីទទួលដំណឹងកីឡាករ ៤រូបដែលអ្នកចាត់ការទូទៅក្លិបអធិរាជស Real Madrid លោក Zinedine Zidane ដាក់ក្នុងបញ្ជីត្រៀមលក់ចេញក្រោយបញ្ចប់រដូវកាល២០១៩/២០២០ នេះ វីរៈបុរសបាល់ទាត់ក្រុមជម្រើសជាតិអង់គ្លេសខាងលើបានចាប់អារម្មណ៍លើកីឡាករ ២រូបក្នុងចំណោមអ្នកទាំង ៤រូបនោះផងដែរ។

តាមប្រភពដដែលកីឡាករទាំង ២នាក់ដែលអាចមានលទ្ធភាពនាំទៅលេងនៅលីគកំពូលសហរដ្ឋអាមេរិកនោះគឺ Gareth Bale និង James Rodriguez ។ ខណៈកីឡាករ ២រូបទៀតដែលស្ថិតនៅក្នុងបញ្ជីលក់ចេញដូចគ្នារបស់ Real Madrid គឺ Lucas Vasquez និង Mariano Dias តែមិនស្ថិតក្នុងចំណាប់អារម្មណ៍ពីលោក David Beckham ឡើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628