បាល់ទាត់

Park Hang-Seo បង្ហើបឈ្មោះគ្រូបង្វឹកមួយរូប ដែលលោកគោរពបំផុតក្នុងអាជីពដឹកនាំដូចគ្នា

គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម លោក Park Hang-Seo ដែលបច្ចុប្បន្នភាពត្រូវបានគេចាត់ទុកជាជើងខ្លាំងមួយរូបក្នុងអាជីពដឹកនាំនាតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក៏ដោយ! រូបគាត់ផ្ទាល់បានលើកឡើងអំពីឈ្មោះគ្រូបង្វឹកមួយរូបទៀត ដែលបុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះគោរព ក្នុងនាមជាគូប្រជែងធ្លាប់ដឹកនាំប្រកួតប្រជែងគ្នាកន្លងមក។

ចាប់តាំងពីចូលកាន់តំណែងនៅក្នុងប្រទេសវៀតណាមពីឆ្នាំ២០១៧ មកលោក Park Hang-Seo បានកែប្រែប្រវត្តិសាស្ត្របាល់ទាត់វៀតណាមតាមរយៈសមិទ្ធផលមួយចំនួនដូចជា គ្រងតំណែងជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ , ជើងឯករងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០១៨ , ទទួលបានមេដាយមាស SEA Games ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នកំពុងឈរកំពូលតារាងជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ។

ទោះជាបែបនេះក្តី! យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Zing.vn បុរសវ័យ ៦២ឆ្នាំរូបនេះបានលើកឡើងថា រូបគាត់មិនទាន់កម្រិតអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន លោក Sven-Goran Eriksson ឡើយ។ តាមការនិយាយមានខ្លឹមសារបកប្រែដូចតទៅៈ

៉ លោក Sven-Goran Eriksson គឺជាគ្រូបង្វឹកលំដាប់ពិភពលោក។ មានឳកាសធ្លាប់ដឹកនាំប្រកួតប្រជែងជាមួយគាត់ គឺជាកិត្តិយសរបស់ខ្ញុំ។ ទោះបីជា វៀតណាម ក្រោមការដឹកនាំរបស់ខ្ញុំធ្លាប់ឈ្នះ ហ្វីលីពីន ដល់ទៅ ២លើកគ្រានោះក្តី ប៉ុន្តែកម្រិតដឹកនាំរបស់ខ្ញុំ មិនអាចប្រៀបបានលោក Sven-Goran Eriksson ឡើយ។ ៉ 

រំលឹកឡើងមកវិញគ្រូបង្វឹកទាំងពីររូបខាងលើធ្លាប់ដឹកនាំប៉ះគ្នាកាលពីឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែជម្រើសជាតិវៀតណាម បានយកឈ្នះលើជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ១ទល់២ ។

គួរបញ្ជាក់ថា លោក Sven-Goran Eriksson គឺមានសញ្ជាតិស៊ុយអែត និងធ្លាប់មានប្រវត្តិដឹកនាំក្លិបធំៗ នៅតំបន់អឺរ៉ុបដូចជា Benfica , AS Roma , Fiorentina , Lazio , Sampdoria , Manchester City , Leicester City… និងក្រុមជម្រើសជាតិដូចជា អង់គ្លេស , មុិកសុិក , កូឌីវ័រ ខណៈចុងក្រោយឆ្នាំ២០១៨ បានដឹកនាំក្រុមជម្រើសជាតិហ្វីលីពីន ទើបតែចែកផ្លូវគ្នាកំឡុងខែមករា ឆ្នាំ២០១៩ នេះឯង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628