បាល់ទាត់

ម៉ាឡេស៊ី ត្រៀមបញ្ចូលច្បាប់ថ្មីអនុញ្ញាតិឲ្យដោះដូរកីឡាករ៥នាក់/ប្រកួត មកអនុវត្តក្នុងលីគ

ច្បាប់ថ្មីដែលចេញដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយអនុញ្ញាតិឲ្យដោះដូរកីឡាករបានដល់ ៥រូបក្នុងមួយប្រកួត នឹងត្រូវដាក់ឲ្យប្រើប្រាស់ពេលសកម្មភាពលីគម៉ាឡេស៊ី វិលត្រឡប់មកវិញនាពេលខាងមុខ។

គួរឲ្យដឹងថា ច្បាប់ថ្មីដូចរៀបរាប់ពីខាងលើត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានលើកសំណើឡើង និងបានអនុញ្ញាតិឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់ទូទាំងពិភពលោក ក្រោយសកម្មភាពបាល់ទាត់វិលត្រឡប់មកវិញបន្ទាប់ពីសម្រាកមួយរយៈពេលដោយសារជំងឺ COVID-19 ។

យោងតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Vocketfc បានដកស្រង់ពាក្យសម្តីលោក Stuart Ramalingam អគ្គលេខាធិការនៃសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ឲ្យដឹងថាៈ

៉ កីឡាករគ្រប់រូប អាចនឹងងាយជួបបញ្ហាកម្លាំង បន្ទាប់ពីសម្រាក់ពីបាល់ទាត់រយៈពេលយូរ។ ច្បាប់ថ្មីនេះ គឺពិតជាជួយដល់កីឡាករ ឲ្យគេចផុតពីភាពងាយរងរបួស។ ដូច្នេះ! ពួកយើងនឹងពិភាក្សាគ្នាឆាប់ៗ ខាងមុខនេះ ដើម្បីសម្រេចអនុវត្តន៍ឲ្យមានការដោះដូរកីឡាករបាន ៥រូបក្នុងមួយប្រកួត នៅក្នុងក្របខណ្ឌបាល់ទាត់ម៉ាឡេស៊ី។  ៉ 

គួរឲ្យដឹងថា បច្ចុប្បន្នភាពបាល់ទាត់ម៉ាឡេស៊ីកំពុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈនឹងវិលត្រឡប់មកវិញតាមគម្រោងនៅកំឡុងខែកញ្ញា និងធ្វើការលេងតែ ១ជុំប៉ុណ្ណោះដើម្បីបញ្ចប់រដូវកាល២០២០ តែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628