បាល់ទាត់

ជំនួបបើកឆាកលីគកំពូលកូរ៉េខាងត្បូង ទាក់ទាញអ្នកទស្សនាក្នុងបណ្តាញសង្គមជាង ៣.៦លាននាក់

បន្ទាប់ពីធ្វើការពន្យារពេលអស់រយៈពេលជាង ២ខែកន្លងមក លីគកំពូលកូរ៉េខាងត្បូងរដូវកាល២០២០ បានចាប់ផ្តើមប្រកួតនៃសប្តាហ៍ទី១ ស្របពេលដែលគូបើកឆាករវាងក្រុមការពារតំណែងជើងឯក Jeonbuk Hyundai Motors បានយកឈ្នះលើគូប្រជែង Suwon Samsung Bluewings ក្នុងលទ្ធផល ១ទល់០ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។

ការប្រកួតខាងលើបានប្រព្រឹត្តទៅដោយគ្មានអ្នកទស្សនា (Closed-Door Match) ប៉ុន្តែបែរជាមានការផ្សាយផ្ទាល់តាមរយៈ Youtube និងបណ្តាញសង្គម Twitter ឲ្យអ្នកគាំទ្រជុំវិញពិភពលោកទស្សនាដោយសេរី។

ដោយសារតែសកម្មភាពបាល់ទាត់ស្ទើរទូទាំងពិភពលោកកំពុងសម្រាក ការប្រកួតនេះបានទាក់ទាញអ្នកទស្សនាផ្សាយផ្ទាល់មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងនោះលើបណ្តាញសង្គម Twitter មានរហូតដល់ ៣.៤លាននាក់ ខណៈឯលើ Youtube មានជាង ២.៣សែននាក់បន្ថែមទៀត។ ដោយសរុបលទ្ធផលទាំងពីរក្នុងប្រព័ន្ធអ៊ីនធើណែត រកបានអ្នកទស្សនាជាង ៣.៦លាននាក់/គណនី។

ទោះជាយ៉ាងនេះក៏ដោយក្តី! ចំនួនខាងលើមិនទាន់បានគិតទៅដល់ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ខណៈលីគកំពូលកូរ៉េខាងត្បូងក្នុងឆ្នាំ២០២០ នេះបានលក់សិទ្ធិផ្សាយបន្តផ្ទាល់រហូតដល់ទៅ ៣៦ប្រទេសទៀតឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628