បាល់ទាត់

ផ្លូវការៈ FIFA Futsal World Cup ពន្យារពេលពីឆ្នាំ២០២០ ទៅរៀបចំឆ្នាំ២០២១

ជាផ្លូវការ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចេញសេចក្តីសម្រេចពីកាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍ FIFA Futsal World Cup ឆ្នាំ២០២០ ដោយពន្យារពេលទៅរៀបចំនៅឆ្នាំ២០២១ ។

តាមគម្រោងចាស់ព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ នឹងត្រូវរៀបចំពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ខាងមុខ  ដោយមានប្រទេសម្ចាស់ផ្ទះគឺ លេទុយអានី (ទ្វីបអឺរ៉ុប) ។ យ៉ាងណា! ដោយសារឆ្នាំនេះសកម្មភាពបាល់ទាត់ទូទាំងសកលលោករងគ្រោះដោយសារជំងឺរាតត្បាត COVID-19 បានសម្រេចលើកទៅរៀបចំនៅថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វិញ។

គួរឲ្យដឹងថា ព្រឹត្តិការណ៍ FIFA Futsal World Cup នឹងមានក្រុមជម្រើសជាតិហ្វូតសាល ២៤ក្រុមចូលរួម ក្នុងរួមមាន តំណាងទ្វីបអាស៊ី ៥កៅអី , ទ្វីបអាហ្វ្រិក ៣កៅអី , ទ្វីបអាមេរិកខាងជើង ៤កៅអី , ទ្វីបអាមេរិកខាងត្បូង ៤កៅអី , អូសេអានី ១កៅអី និងអឺរ៉ុប ៥កៅអី បូកនិងម្ចាស់ផ្ទះ ១កៅអីទៀត។

គិតមកទល់ពេលនេះ សម្រាប់កៅអីទាំង ៥ ប្រចាំទ្វីបអាស៊ី ពុំទាន់បានរកឃើញនៅឡើយនោះទេ ពោលដោយត្រូវរង់ចាំការប្រកួតព្រឹត្តិការណ៍ AFC Futsal Championship ឆ្នាំ២០២០ ដោយយកក្រុមកំពូលទាំង ៥ ទៅចូលរួម។ ខណៈតំបន់អាស៊ីអាគ្នេយ៍យើងមាន ៣ក្រុមមានលទ្ធភាពដណ្តើមកៅអីនេះរួមមាន ឥណ្ឌូនេស៊ី ថៃ និងវៀតណាម៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628