បាល់ទាត់

អតីតគ្រូបង្វឹកជួយប្រេស៊ីលលើកពាន World Cup ឆ្នាំ២០០២ បដិសេធសំណើដឹកនាំអារ៉ាប់រួម

អតីតគ្រូបង្វឹកធ្លាប់កសាងស្នាដៃជាប្រវត្តិតាមរយៈជួយជម្រើសជាតិប្រេស៊ីលគ្រងតំណែងជើងឯក FIFA World Cup ឆ្នាំ២០០២ លោក Luiz Felipe Scolari បានបដិសេធសំណើរបស់សមាគមបាល់ទាត់អារ៉ាប់រួម ក្នុងការមកដឹកនាំជម្រើសជាតិពួកគេ។

បុរសជនជាតិប្រេស៊ី មានវ័យ ៧១ឆ្នាំខាងលើ ប​ច្ចុប្បន្នភាពកំពុងទំនេរពីការងារនៅឡើយ ខណៈការដឹកនាំចុងក្រោយកាន់ក្លិបលីគកំពូលប្រេស៊ីល Palmeiras តែបានចែកផ្លូវគ្នាតាំងពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ស្របពេលដែលតំណែងដឹកនាំក្រុមជម្រើសជាតិអារ៉ាប់រួម កំពុងទំនេរស្រាប់នោះ ក៏បានធ្វើការទាក់ទងចង់បានរូបលោកមកដឹកនាំ។

យ៉ាងណាក្តី! តាមការលើកឡើងរបស់លោក Jorge Machado ជាភ្នាក់ងារផ្លូវច្បាប់របស់លោក Luiz Felipe Scolari បានឲ្យដឹងថា បច្ចុប្បន្នភាពកូនភ្នាក់ងាររបស់គាត់ គឺមានគោលដៅដឹកនាំក្លិបណាមួយ ពោលដោយគ្មានបំណងដឹកនាំក្រុមជម្រើសជាតិឡើយ ដូច្នេះទើបបានសម្រេចចិត្តបដិសេធសំណើមួយនេះ។

ចំពោះបទពិសោធន៍របស់លោក Luiz Felipe Scolari មានប្រវត្តិដឹកនាំតាំងពីឆ្នាំ១៩៨២ មកម្ល៉េះ ពោលធ្លាប់ដឹកនាំក្លិប និងក្រុមជម្រើសជាតិជាច្រើនរាប់ស្ទើរមិនអស់ក្នុងនោះរួមមានដូចជា ក្លិបនៅអង់គ្លេស (Chelsea) , ក្លិបនៅកាតា , ក្លិបនៅចិន (ឈ្នះពានលីគកំពូលចិន ៣សម័យកាល) , ក្លិបនៅប្រេស៊ីល , ក្លិបនៅគុយវែត , ក្លិបនៅជប៉ុន , ក្លិបនៅអូប៊េគីស្ថាន… ខណៈក្រុមជម្រើសជាតិវិញមានដូចជា ប្រេស៊ីល (ជើងឯក World Cup ឆ្នាំ២០០២) គុយវែត ព័រទុយហ្គាល់ (ជើងឯករង UEFA Euro ឆ្នាំ២០០៤) ផងដែរ។

ក្រឡេកទៅមើលជម្រើសជាតិអារ៉ាប់រួមឯណោះវិញ បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៤ នៃតារាងជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ដោយកំពុងតាមប្រកួតប្រជែងនឹង វៀតណាម ម៉ាឡេស៊ី និងថៃ ដ្បិតអាចនៅពីលើ ឥណ្ឌូនេស៊ី ក្តី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628