បាល់ទាត់

កីឡាករទួរគីម្នាក់ ត្រូវចាប់ខ្លួនពីបទឃាតកម្មលើកូនប្រុសបង្កើត ក្រោយពីសង្ស័យមានជំងឺ COVID-19

កីឡាករសញ្ជាតិទួរគី Cevher Toktas ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជាប់ពាក់ព័ន្ធនឹងរឿងក្តីឃាតកម្មលើកូនប្រុសបង្កើតខ្លួនឯង ដែលមានអាយុទើបតែ ៥ឆ្នាំ បន្ទាប់ពីបានសង្ស័យថាកុមារនោះផ្ទុកនូវជំងឺ COVID-19 ។

កីឡាករខ្សែការពារ ដែលធ្លាប់លេងនៅលីគកំពូលទួរគីពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងបច្ចុប្បន្នភាពមានវ័យ ៣២ឆ្នាំខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីម្សិលមិញនេះ ក្រោយរយៈពេល ១១ថ្ងៃនៃការស្លាប់របស់កូនប្រុសបង្កើតឈ្មោះ Kasim ដែលមានអាយុទើបតែ ៥ឆ្នាំប៉ុណ្ណោះ។

យោងតាមការចេញផ្សាយរបស់កាសែតទួរគីជាច្រើនបានឲ្យដឹងថា Cevher Toktas  បាននាំកូនប្រុសបង្កើតខ្លួនទៅកាន់មន្ទីរពេទ្យរដ្ឋមួយកន្លែង កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅ ក្រោយពីចាប់អារម្មណ៍ឃើញកុមារនោះមានអាការៈថប់ដង្ហើម និងសង្ស័យថាមានផ្ទុកជំងឺ COVID-19 ។

ក្រោយពិនិត្យចប់សព្វគ្រប់ ខាងវេជ្ជបណ្ឌិតបានធ្វើការណែនាំឲ្យឪពុក និងកូនទាំងពីរធ្វើការដាក់ឃុំខ្លួនឯងនៅក្នុងគេហដ្ឋានរយៈពេល ១៤ថ្ងៃជាមុនសិន ដើម្បីស្វែងរកការពិតមានផ្ទុកជំងឺកំពុងរាតត្បាតសកលនេះឲ្យបានប្រាកដ។ ប៉ុន្តែបានតែប៉ុន្មានថ្ងៃក្រោយពីវិលត្រឡប់មកផ្ទះវិញ ខាងមន្ទីរពេទ្យក៏ទទួលបានដំណឹងពីកីឡាកររូបនេះដែលជាឪពុក បានរាយការណ៍ថាកូនប្រុសរបស់គាត់បានស្លាប់ទៅហើយ ជាហេតុនាំឲ្យខាងវេជ្ជបណ្ឌិតយល់ឃើញថាកុមារាខាងលើស្លាប់ដោយសារជំងឺ COVID-19 ។

 

តែជាលទ្ធផលរយៈពេល ១១ថ្ងៃក្រោយមកកីឡាករដែលកំពុងប្រកបអាជីពនៅក្លិប Bursa Yildirim Spor រូបនេះ បានធ្វើដំណើរទៅទីស្នាក់ការប៉ូលីសមូលដ្ឋានដែលរូបគាត់ស្នាក់នៅសព្វថ្ងៃ ដោយបានសារភាពខ្លួនឯងថារូបគាត់បានសម្លាប់កូនប្រុសបង្កើតខាងលើ តាមរយៈការយកខ្នើយមកសង្កត់មុខបណ្តាលឲ្យបាត់បង់ជីវិតតែម្តង។ ចំពោះមូលហេតុដែល Cevher Toktas បានអះអាងថាការលើកដៃប្រព្រឹត្តរឿងព្រៃផ្សៃបែបនេះដោយសារ រូបគាត់មិនមានចិត្តស្រលាញ់កូនបង្កើតតាំងពីចាប់កំណើតមកម្ល៉េះ។

បច្ចុប្បន្នភាព បុរសខាងលើកំពុងត្រូវបានអាជ្ញាធរឃាត់ខ្លួនឃុំទុកដោយរង់ចាំបញ្ចូនសំណុំរឿងបន្តទៅកាន់តុលាការ ដោយរូបគាត់អាចនឹងត្រូវជាប់ពន្ធនាគារមួយជីវិត។ គួរបញ្ជាក់ផងថា មកទល់ថ្ងៃនេះក្នុងប្រទេសទួរគី បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ប្រមាណជាង ១៤មុឺននាក់ និងមានអ្នកស្លាប់ជិត ៤ពាន់នាក់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628