បាល់ទាត់

ផ្លូវការៈ លីគកំពូលវៀតណាម កែប្រែរូបមន្តប្រកួតរដូវកាលនេះ ព្រោះកាលៈទេសៈ COVID-19

សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានប្រកាសកែប្រែរូបមន្តប្រកួតក្នុងពានរង្វាន់លីគកំពូលវៀតណាមរដូវកាល២០២០ ដើម្បីកាត់បន្ថយការប្រកួតមួយចំនួន ស្របនឹងកាលៈទេសៈនៃរដូវកាល COVID-19 ។

ក្រោយប្រកួតបាន ២សប្តាហ៍លីគកំពូលវៀតណាមក៏បានសម្រាក់រហូតមកទល់ពេលនេះព្រោះតែការរាតត្បាតនៃជំងឺឆ្លងខាងលើ ប៉ុន្តែក្រោយជឿជាក់អាចទប់ស្កាត់បាន សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានសម្រេចបើកសកម្មភាពបាល់ទាត់ឡើងវិញនៅថ្ងៃទី០៦ ខែមិថុនា ខែក្រោយនេះហើយ។

តាមការកែប្រែរូបមន្តប្រកួតថ្មី គឺធ្វើការបែងចែកជា២វគ្គមានដូចតទៅៈ

វគ្គទី១ : ចាប់ប្រកួតពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ខណៈការប្រកួតជាធម្មតាសម្រាប់ជើងទី១ ដោយប្រើប្រាស់នៅកាលវិភាគដើម ដោយក្នុងលីគកំពូលវៀតណាមសរុប ១៤ក្លិប ដូច្នេះតម្រូវឲ្យប្រកួតជើងទី១ សរុប ១៣សប្តាហ៍។ ក្រោយបញ្ចប់លទ្ធផលជើងទី១ លីគកំពូលវៀតណាម នឹងត្រូវធ្វើការបែងចែកជា ២ពូល ដោយពូលទី១ យកពីចំណាត់ថ្នាក់លេខរៀងទី១ ដល់លេខរៀងទី៨ ខណៈពូលទី២ ពីចំណាត់ថ្នាក់លេខរៀងទី៩ ដល់លេខរៀងទី១៤ ។

វគ្គទី២ : ចាប់ប្រកួតពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខណៈការប្រកួតទាំងតាមពូលរៀងៗ ខ្លួន ដោយរៀបចំឡើងតែ១ជើងដូចគ្នា។ មានន័យថា ក្លិបមួយប៉ះគ្នានឹងក្លិបមួយទៀតដែលស្ថិតក្នុងពូលតែមួយ តែមួយជើងប៉ុណ្ណោះ និងលេងឆ្លាស់មួយប្រកួតក្រៅដី មួយប្រកួតទៀតក្នុងដី។

លទ្ធផល : សម្រាប់ប្រកួតក្នុងពូលទី១ ក្លិបឈរលើគេ នឹងគ្រោងជើងឯកលីគកំពូលវៀតណាមរដូវកាល២០២០ ជាមួយនឹងការផ្តល់កៅអី AFC Champions League វគ្គចែកពូល និងជើងឯករងទទួលបានកៅអីវគ្គជម្រុះ AFC Champions League (បើធ្លាក់ ត្រូវចូលលេង AFC Cup វគ្គចែកពូល) ។ ចំណែកក្នុងពូលទី២ វិញ ក្លិបទាំង ៦ នឹងត្រូវប្រកួតគ្នា ដោយក្លិបណាស្ថិតនៅបាតតារាង នឹងត្រូវកាត់ចេញទៅលេងលីគលំដាប់ទី២ វៀតណាម នារដូវកាលបន្ទាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628