បាល់ទាត់

តេស្តសមត្ថភាពកីឡាករចូលសញ្ជាតិថ្មី ជម្រើសជាតិចិននឹងប្រកួតមិត្តភាព២លើកនាសប្តាហ៍ក្រោយ

សមាគមបាល់ទាត់ចិន (CFA) បានប្រកាសពីការរៀបចំប្រកួតមិត្តភាពចំនួន ២លើករវាងក្រុមជម្រើសជាតិចិន និងក្លិបលីគកំពូលចិន នាសប្តាហ៍ក្រោយនេះដើម្បីត្រៀមខ្លួនពេលសកម្មភាពបាល់ទាត់អន្តរជាតិវិលត្រឡប់មកវិញ ក៏ដូចជាការធ្វើតេស្តសាកល្បងសមត្ថភាពកីឡាករចូលសញ្ជាតិថ្មីៗ ផងដែរ។

បើគិតមកដល់ការកោះហៅលើកចុងក្រោយ ក្នុងដំណើរជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ក្រុមជម្រើសជាតិចិន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Li Tie បានកោះហៅកីឡាករចូលសញ្ជាតិ ៣នាក់មកប្រើប្រាស់រួចទៅហើយរួមមាន Elkeson និង Aloisio ដែលមានដើមកំណើតនៅប្រេស៊ីល និងកីឡាករសញ្ជាតិដើមអង់គ្លេស  Nico Yennaris ដែលមានប្រវត្តិធ្លាប់លេងនៅ Arsenal ។

បន្ថែមពីអ្នកទាំងបីខាងលើ បច្ចុប្បន្នភាពតាមដំណឹងចុងក្រោយចិនបានកំពុងរៀបចំឯកសារផ្តល់ដល់កីឡាករចំនួន ៦រូបបន្ថែមទៀតសុទ្ធសឹងជាកីឡាករសញ្ជាតិដទៃដើម្បីស្នើសុំទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិពួកគេ។

ខណៈតាមគម្រោងដែលបានរៀបចំ ជម្រើសជាតិចិន នឹងធ្វើការប្រកួតមិត្តភាពជាមួយក្លិបលីគកំពូលចិនចំនួន ២លើក នាសប្តាហ៍ក្រោយនេះដោយត្រូវប៉ះជាមួយ Shanghai Shenhua នាថ្ងៃទី២១ និងបន្តប៉ះ Shanghai SIPG នាថ្ងៃទី២៦ ក្នុងខែឧសភា នេះតែម្តង។

ដោយសារការប្រកួតមិត្តភាពខាងលើជាលក្ខណៈក្រៅផ្លូវការ និងលេងកម្រិតជាតិខ្លួនឯង ចិនអាចនឹងឆ្លៀតបញ្ចូលក្រុមកីឡាករចូលសញ្ជាតិទាំងប៉ុន្មាន ដើម្បីធ្វើការសាកល្បងសមត្ថភាពជាបណ្តើរៗ ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628