បាល់ទាត់

ម៉ាឡេស៊ី ចាប់អារម្មណ៍បងប្អូនភ្លោះ២នាក់កំពុងលេងនៅលីគទី២ ហូឡង់ មកចូលជម្រើសជាតិ

កីឡាករបាល់ទាត់ ២នាក់ដែលជាបងប្អូនភ្លោះនឹងគ្នា និងកំពុងប្រកបអាជីពនៅក្នុងក្លិបជាមួយគ្នាទៀតនៅឯលីគលំដាប់ទី២ ហូឡង់ ពោលគឺ Declan Lambert និង Ryan Lambert ត្រូវបានកាសែតម៉ាឡេស៊ីជាច្រើនចុះផ្សាយពាក់ព័ន្ធពីការទាក់ទងចង់នាំមកលេងឲ្យក្រុមជម្រើសជាតិពួកគេ។

កាសែតកីឡាម៉ាឡេស៊ី បានបង្ហាញថាសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) កំពុងសម្លឹងឃើញកីឡាករទាំងពីររូបខាងលើ ក្នុងគោលបំណងបញ្ចុះបញ្ចូលឲ្យលេងឲ្យក្រុមជម្រើសជាតិនាពេលខាងមុខ។

ជាការពិតទៅ! មិនមែនជាបញ្ហាពិបាកឡើយ ខណៈកីឡាករ​បងប្អូនភ្លោះពួកគេមានម្តាយជាជនជាតិម៉ាឡេស៊ីស្រាប់ ខណៈឪពុកជាជនជាតិអូស្ត្រាលី ហើយពួកគេក៏បានកើតនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរនៅក្នុងឆ្នាំ១៩៩៨ (សព្វថ្ងៃមានអាយុ ២១ឆ្នាំដូចគ្នា) ។ ក្រោយមកពួកគេទាំងពីរនាក់បានផ្លាស់ទៅតាមគ្រួសារនៅប្រទេសថៃមួយរយៈ មុនបន្តទៅស្នាក់នៅហូឡង់ ព្រោះម្តាយឪពុកពួកគេត្រូវបំពេញការងារនៅទីនោះ។

Declan Lambert ដែលជាបងលេងក្នុងតំណែងខ្សែការពារ ចំណែកឯប្អូនវិញ Ryan Lambert បានលេងក្នុងតំណែងខ្សែបម្រើ ដោយបច្ចុប្បន្នកំពុងប្រកបអាជីពរួមគ្នានៅក្លិប FC Den Bosch នៅក្របខណ្ឌលីគលំដាប់ទី២ ហូឡង់។

យ៉ាងណាក្តី! ដ្បិតមានព័ត៌មានចុះផ្សាយបែបនេះក៏ដោយ តែពុំទាន់ឃើញមានការឆ្លើយតបពីភាគីកីឡាករទាំងពីររូបនៅឡើយ។ ប៉ុន្តែក្រឡេកមើលក្រុមជម្រើសជាតិម៉ាឡេស៊ីបច្ចុប្បន្នភាព ក៏បានដាក់បញ្ចូលនូវកីឡាករចូលសញ្ជាតិដល់ទៅ ៧នាក់ទៅហើយ ដោយមិនទាន់គិតកីឡាករកូនកាត់ដទៃទៀតផង ដូច្នេះបើអាចនាំយកកីឡាករទាំងពីរនាក់មកបន្ថែមទៀត ក៏មិនមែនជាបញ្ហាចោទសម្រាប់ម៉ាឡេស៊ីនោះដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628